ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលចំនួន ៣៦៧គ្រឿង ទៅលើទីក្រុងកៀវ និងទីក្រុងនានារបស់អ៊ុយក្រែនពេញមួយយប់ដែលវាជាការវាយប្រហារតាមអាកាសដ៏ធំបំផុតនៃសង្គ្រាមរហូតមកទល់ពេលនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

មន្ត្រីក្នុងតំបន់បាននិយាយថា ក្នុងចំណោមអ្នកស្លាប់រួមមានកុមារបីនាក់នៅតំបន់ភាគខាងជើងនៃ Zhytomyr។ ការវាយប្រហារនេះបានប៉ះពាល់ដល់ទីក្រុងធំៗរបស់អ៊ុយក្រែន ដូចជា៖ ទីក្រុង Kharkiv, Mykolaiv និង Ternopil។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី។លោកបានសរសេរលើ Telegram ថា «ភាពស្ងៀមស្ងាត់របស់សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ គឺជាការលើកទឹកចិត្តដល់លោក ពូទីន ក្នុងការបន្តអំពើភេរវកម្មរបស់ខ្លួន»។


សូមជម្រាបថា ការវាយប្រហារនេះបានកើតឡើងនៅពេលដែលអ៊ុយក្រែន និងរុស្ស៊ី កំពុងចរចាដោះដូរមនុស្សសរុប ១,០០០នាក់ និងកំពុងព្យាយាមធ្វើឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៣០ថ្ងៃដើម្បីឆ្ពោះទៅរកផ្លូវសន្ដិភាព៕

