ភ្នំពេញ ៖ ផ្លូវលំមួយខ្សែក្នុងភូមិសាឡូង សង្កាត់កំបូល និងមួយខ្សែទៀតក្នុងភូមិរំដួលត្បូង សង្កាត់ស្នោ ភ្ជាប់ទៅជាមួយ ភូមិសាឡូង ខណ្ឌកំបូល រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ស្របពេលដែលរដូវវស្សាមកដល់នេះ ដោយមិនទាន់មានការជួសជុលឡើងវិញ ច្រើនឆ្នាំមកហើយ ឥឡូវកំពុងប្រឈមខូចខាតកាន់តែធ្ងន់ ពលរដ្ឋ អ្នកដំណើរ ជួបផលលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ ពិសេសពេលយប់ ទើបទទូចស្នើសុំ ដល់អាជ្ញាធរ សង្កាត់ ខណ្ឌកំបូល មេត្តាជួយសម្រួល បានត្រឹមឈូសឆាយពង្រាបលប់កម្ទេចថ្មក៏បានដែរ កាលបើមិនបានផ្លូវបេតុងដូចភូមិផ្សេងៗ ក្នុងខណ្ឌកំបូលក៏ដោយ គ្រាន់សម្រួលដល់ពលរដ្ឋធ្វើដំណើរ។

តាមពលរដ្ឋក្នុងភូមិបានឱ្យដឹងថា ផ្លូវលំក្នុងភូមិសាឡូង សង្កាត់កំបូល ប្រវែងជាង១០០០ម៉ែត្រ ចំណែកក្នុងភូមិរំដួលត្បូង សង្កាត់ស្នោ មានផ្លូវក្នុងភូមិមួយខ្សែបនរវែង១០០០ម៉ែត្រ នៅមិនទាន់ប្រែក្លាយជាផ្លូវបេតុងនឹងគេទេ កន្លងមកអាជ្ញាធរជួយសម្រួលឈូសឆាយ ចាក់លប់ជង្ហុកដែរ តែយូរឆ្នាំមកហើយ តម្រូវការចំបាច់របស់ពលរដ្ឋ សម្រាប់ធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃយប់ មកដល់ពេលនេះទទួលរងខូចខាតធ្ងន់ ស្របពេលដែលរដូវវស្សាមកដល់ផងនោះ ផ្លូវទាំង២ខ្សែខាងលើ រងនូវជង្ហុកទឹក ភក់ ប្រឈមការលំបាកពលរដ្ឋធ្វើដំណើរ។ ពលរដ្ឋបន្តទៀតថា កន្លងមក ត្រូវបានអាជ្ញាធរផ្សព្វផ្សាយផងដែរ ជុំវិញការកសាង ស្ថាបនាផ្លូវក្នុងមូលដ្ឋានខាងលើដោយសន្យារយៈពេល២ឆ្នាំ ឱ្យប្រែក្លាយជាផ្លូវបេតុង តែមកដល់ពេលនេះ នៅមិនទាន់ឈូសឆាយស្ថាបនានៅឡើយ ខណៈដែលផ្លូវកាន់តែខូចធ្ងន់ធ្ងរទៅ ទើបទទូចស្នើសុំដល់អាជ្ញាធរ សង្កាត់ ខណ្ឌ មេត្តាជួយសម្រួល ដោះសម្រាលទុក្ខលំបាករបស់ពលរដ្ឋ បញ្ហាផ្លូវក្នុងភូមិ ជួយធ្វើយ៉ាងណា បានឈូស ឆាយ ពង្រាប លប់ជង្ហុកទឹក ដោយកម្ទេចថ្មក៏បានដែរ គ្រាន់ធ្វើដំណើរ ថ្វីកាលបើមិនទាន់បានផ្លូវបេតុងដូចភូមិ សង្កាត់ផ្សេងៗ ក្នុងខណ្ឌកំបូល។

យ៉ាងណាមិញ តាមអាជ្ញាធរខណ្ឌ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ធ្លាប់បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងកន្លងមកដែរថា ថវិកាក្នុងកិច្ចអភិវឌ្ឍន៍ គម្រោងក្នុងមូលដ្ឋាន របស់ភូមិ សង្កាត់ ក្នុងការស្ថាបនាផ្លូវ ប្រព័ន្ធលូបង្ហូររំដោះទឹក តាមបណ្តាមូលដ្ឋាន មានកំណត់ មិនប្រាកដថាតម្រូវបានទៅលើ ភូមិណាមួយនោះទេ ប៉ុន្តែមុននិងក្រោយគង់តែបានដូចគ្នា។

ជុំវិញការលើកឡើង និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើ ក្រុមការងារសាព័ត៌មានត្រយង បានទាក់ទងទៅលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដើម្បីសុំការបញ្ជាក់ ប៉ុន្តែតែទូរសព័្ទលោកតេចូល តែមិនមានអ្នកទទួល៕
អត្ថបទ៖ នេន មិនា

Share.