យោងតាមសារព័ត៌មាន Vietnam.VN បានចេញផ្សាយថា កប៉ាល់ដឹកធ្យូងថ្មទម្ងន់ ៤,៩០០តោន ដោយមានមនុស្ស ១១នាក់ធ្វើដំណើរចេញដំណើរពីខេត្តក្វាងនិញ ឆ្ពោះទៅខេត្តក្វាងប៊ិញ ហើយមានបញ្ហាម៉ាស៊ីន រួចបានលិចនៅវេលាម៉ោង ៨:៤០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

ភ្លាមៗក្រុមការងារជួយសង្រ្គោះ និងក្រុមប្រជានេសាទ បានចុះទៅជួយសង្រ្គោះផងដែរ។ គិតត្រឹមម៉ោង ៥:៤៥នាទីព្រឹកថ្ងៃទី២៦ ខែឧសភា នេះ ទូកប្រជានេសាទបានប្រទះឃើញសាកសពមនុស្សម្នាក់។


យ៉ាងណាម៉ិញ ពេលនេះតំបន់សមុទ្រហាទីញ កំពុងមានរលកធំៗ និងខ្យល់កន្រ្តាក់ ដូច្នេះវាមានភាពស្មុគស្មាញក្នុងការជួយសង្រ្គោះ ប៉ុន្ដែនឹងបន្ដស្វែងរកអ្នកបាត់ខ្លួនផ្សេងៗទៀត។

បើតាមទីភ្នាក់ងារឧតុនិយមបានព្រមានថា ថ្ងៃនេះតំបន់នេះអាចនឹងបន្តមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ទំនាបតាមដងទន្លេ និងអូរ ហើយមានការលិចលង់ក្នុងតំបន់លំនៅដ្ឋាន និងតំបន់ទីក្រុង។ ខណៈតំបន់ភ្នំមានហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ ទន្ទឹមនឹងនោះ សមុទ្រកំពុងមានភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ និងផ្គររន្ទះខ្លាំង អាជ្ញាធរអំពាវនាវប្រជានេសាទទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះកំបុតត្បូង ខ្យល់បក់បោក និងរលកធំៗ៕

