ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្ដើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្ត្រីមានផ្ទៃពោះចំនួនប្រមាណជាង ២៣ លានករណី ក្នុងនោះមន្ទីរពេទ្យបានទទួលកុមារមកសម្រាកព្យាបាលកម្រិតធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្ត្រីមានផ្ទៃពោះចំនួនប្រមាណជាង ៤សែននាក់។

ដើម្បីបន្តបេសកកម្មជួយសង្គ្រោះ និងព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ និងគ្មានការរើសអើង ប្រកបដោយគុណភាព នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ត្រូវការចំណាយថវិកាខ្ទង់ ១សែន ២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ឬស្មើនឹង ៤៣ លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីដំណើរការប្រតិបត្តិការរបស់ខ្លួន។

ថវិកាទាំងនេះបានមកពីការបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វ៊ីស វិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល និងកាកបាទក្រហម និងកម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីនេះក៏នៅមានយុទ្ធនាការកៀរគរថវិកាផ្សេងៗ ដូចជាការប្រកួតកីឡាមិត្តភាព ការរត់ប្រណាំង និងជិះកង់ជាដើម។

នៅខែមិថុនា ឆ្នាំ ២០២២ យុទ្ធនាការពិសេសមួយទៀតក៏ត្រូវបានបង្កើតឡើង គឺយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលមានរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ទទួលបានការបរិច្ចាគថវិកាពីសប្បុរសជនប្រមាណជាង ៣សែនដុល្លារ។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ ២០២៣ ក្រោមការផ្ដួចផ្ដើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា, យុទ្ធនាការនេះ ត្រូវបានរៀបចំរយៈពេល ១ ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា។

នៅឆ្នាំ ២០២៣ យុទ្ធនាការនេះ មានអ្នកចូលរួមបរិច្ចាគចំនួន ២២០ ០៧៣ នាក់ ទទួលបានថវិកាប្រមាណ ២,៤ លានដុល្លារ។ សន្ទុះនៃចលនាបរិច្ចាគនៃសប្បុរសជនបានកើនឡើងនៅឆ្នាបន្ទាប់មកទៀត គឺនៅឆ្នាំ ២០២៤ មានអ្នកចូលរួមបរិច្ចាគសរុប ២៣១ ៥០០ នាក់ ទទួលបានថវិកា ឬ ៣,៣លានដុល្លារ (៣ ៣០៥ ៧២៤ ដុល្លារ)។

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំរយៈពេល ១ ខែពេញ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។

Share.