ព្រះសីហនុ ÷ ប្រជាពលរដ្ឋជាង ៧០០គ្រួសារ នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម បានស្នើសុំជាថ្មី ឲ្យអាជ្ញាធរពាក់ព័ន្ធជួយអភិវឌ្ឍផ្លូវក្នុងធ្វើដំណើរទៅមកចូលមូលដ្ឋានខ្លួនផង ខណៈបច្ចុប្បន្នផ្លូវនេះមានល្បាប់ភក់ ដីក្រហម និងគ្មានស្ពានឆ្លងព្រែក ជាពិសេសពិបាកធ្វើដំណើរខ្លាំងនៅក្នុងរដូវវស្សាតែម្តង។

ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវធ្វើដំណើរចូលមូលដ្ឋានមានល្បាប់ភក់ ដីក្រហម រអិល ស្អិត ជាក់ស្តែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ សិស្ស និងកម្មករ រងការលំបាកពេលធ្វើដំណើរ ដោយសារស្ថានភាពផ្លូវធ្វើដំណើរចេញចូល មូលដ្ឋាន របស់ពួកគាត់ មានការលំបាកខ្លាំង ហើពិសេសពេលបន្ទាន់ដូចជា ឈឺថ្កាត់យប់ព្រលប់។

ពលរដ្ឋបានបន្តថា កន្លងមកប្រជាពលរដ្ឋមានការស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋានម្តងរួចមកហើយ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបជាក់លាក់នោះទេ។ ដោយសារទ្រាំការលំបាកមិនបាន ទើបប្រជាពលរដ្ឋនាំគ្នាស្មើរសុំជាថ្មីក៏ដូចបានអំពាវនាវជាថ្មីដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឱ្យជួយពិនិត្យ និងពន្លឿនការអភិវឌ្ឍផ្លូវក្នុងតំបន់នេះផង ដើម្បីសម្រួលដំណើរសាធារណៈ និងធានាសុវត្ថិភាពរបស់ពលរដ្ឋ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.