សៀមរាប ៖ ព្រះសង្ឃចំនួន១៤អង្គ និងយាយជីចំនួន២នាក់ កើតមានអាការៈពុលផ្សិត ក្រោយឆាន់ ទទួលទាន បន្ទាប់ពីបរិស័ទចំណុះជើងវត្តធ្វើប្រគេន កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅវត្តច័ន្ទគីរី ក្នុងភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ហើយត្រូវបានដឹកបញ្ជូនទៅមណ្ឌលសុខភាពភ្លាមៗ ។

បើតាមលោក គ្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីព្រះសង្ឃដែលបានពុលផ្សិតខាងលើ ចំនួន១៤អង្គ និងដូនជី ចំនួន២នាក់ ក្រោយទទួលទាន ឆាន់អារហារ ដែលបរិស័ទចំណុះជើងវត្ត ធ្វើម្ហូបមានផ្សិតដកមកពីព្រៃ ហើយក្រោយទទួលទា កើតមានអាការៈក្អួតចង្អុរ ឈឺក្បាល ដឹងថាមិនស្រួល ត្រូវបានដឹកបញ្ជូនទៅមណ្ឌលសុខភាព ល្វាក្រាំងភ្លាមៗ ។

ករណីខាងលើ ក្រោយពីការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ព្រះសង្ឃ និងដូនជី ធូរស្រាលមកវិញ មកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះសង្ឃ និងដូនជី បានវិលត្រឡប់ទៅវត្តវិញអស់ហើយ ។

អាជ្ញាធរ ក្រុមគ្រូពេទ្យ អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ កាលបើមិនស្គាល់ផ្សិតច្បាស់ទេ កុំដកយកទៅទទួលទាន ឬសាកសួរគេអ្នកស្គាល់ច្បាស់លាស់សិន ៕

អត្ថបទ÷តាតុងសែនជ័យ

Share.