តំណាងអយ្យការបានបើកការស៊ើបសួរជនសង្ស័យ២ នាក់ពីបទ ប៉ុនប៉ងសូកប៉ាន់ និង បទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ, មាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។

ព័ត៌មានទទួលបានពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ និងបញ្ជូនខ្លួនមន្រ្តីនគរបាល ២នាក់ ដែលម្នាក់ ឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានឋានន្ទរសក្តិវរៈសេនីយ៍ទោ តួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង និងម្នាក់ឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) ភេទប្រុស អាយុ ៤៣ ឆ្នាំ ជាមន្រ្តីនគរបាលស្រុកបវេល ខេត្តបាត់ដំបង ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីការដោះលែងជនជាតិថៃ ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។

ក្រោយបញ្ចប់ការស៊ើបសួរសំណុំរឿងខាងលើនេះ តំណាងអយ្យ ការបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕

Share.