លោកស្រី Nellie GUSAYNI ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានបង្ហាញខ្លួនជាប្រទេសឧត្តមក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ ដោយមានការខិតខំប្រឹងប្រែងយ៉ាងជាប់លាប់ និងសកម្មភាពច្រើនសន្ធឹកសន្ធាប់។ កាន់តែគួរឱ្យចាប់អារម្មណ៍ គឺលោកស្រីបានចាត់ទុកកម្ពុជាថាជាជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក (GCM) សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ថ្លែងនៅក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី Nellie ដែលជាជនជាតិលីបង់ បានបញ្ជាក់បន្ថែមថា លោកស្រីទទួលស្គាល់ថាបញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង និងជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ និងថាបញ្ហានេះ មិនអាចដោះស្រាយបាន ដោយផ្អែកតែលើរាជ ឬរដ្ឋាភិបាលនៃប្រទេសមួយនោះឡើយ គឺត្រូវតែមានការគាំទ្រសហការ រួមទាំងពីអង្គការបរទេស។

ក្នុងឱកាសនោះដែរ លោកស្រី Nellie GUSAYNI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។ លោកស្រីក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធានបេសកកម្ម និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណអង្គការ IOM ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា រហូតទទួលស្គាល់ជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជាធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។
ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Nellie GUSAYNI បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងសង្ឃឹមយ៉ាងម៉ុតមាំថាកិច្ចសហការដ៏ស្អិតល្មួតរវាងអង្គការ IOM និងរាជរដ្ឋាភិបាលកម្ពុជានឹងបន្តទៅមុខទៀត៕


