នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ក្នុងបរិយាកាសនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនកម្មវិធី “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” ដែលរៀបចំដោយក្រុមហ៊ុន China Tourism Group បានចាប់ផ្តើមជាផ្លូវការ ដោយអញ្ជើញចូលរួមពីភ្ញៀវទេសចរចិនជាង ១,០០០នាក់ មកទស្សនាកម្សាន្តនៅកម្ពុជាជាលើកដំបូង។

នៅក្នុងឱកាសដ៏វិសេសនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញសំណេះសំណាល និងទទួលទានអាហារជាមួយក្រុមភ្ញៀវទេសចរចិនដំបូង ដើម្បីស្តាប់នូវចំណាប់អារម្មណ៍ សំណូមពរ និងអនុសាសន៍ទាក់ទងនឹងបទពិសោធន៍ក្នុងការធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។
ភ្ញៀវទេសចរចិនបានបង្ហាញនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពរួសរាយ រាក់ទាក់ និងស្នាមញញឹមពីប្រទេសកម្ពុជាដែលពោរពេញដោយអារម្មណ៍ “Kingdom of Wonder: Feel the Warmth”។ ពួកគេក៏បានបង្ហាញការកោតសរសើរចំពោះសេវាកម្មគ្រប់ជ្រុងជ្រោយប្រទេសកម្ពុជាបានយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរ ជាពិសេសលើភាពរួសរាយរាក់ទាក់ បរិស្ថានស្អាត សុវត្ថិភាព និងការប្រាស្រ័យទាក់ទងបែបបងប្អូនរវាងប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។

ការរៀបចំកម្មវិធីទេសចរណ៍ទំហំធំនេះ គឺជាលទ្ធផលផ្ទុយមកពីដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ ២០២៥ ដែលបានផ្ដល់សន្ទុះដ៏សំខាន់ដល់ការច្នៃបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
កិច្ចសហប្រតិបត្តិការនេះត្រូវបានបន្តលើគ្រឹះនៃអនុស្សរណៈយោគយល់គ្នា ស្តីពីការផ្សព្វផ្សាយទេសចរណ៍ និងកញ្ចប់ទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជានិងក្រុមហ៊ុន China Tourism Group Corporation Limited ដែលបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤។ កិច្ចពិភាក្សាបន្ថែមក៏បានប្រព្រឹត្តឡើងរវាង ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាល CTG នៅទីស្នាក់ការក្រុមហ៊ុនក្នុងតំបន់រដ្ឋបាលពិសេសហុងកុង កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤។

សូមជម្រាបថា ក្រសួងទេសចរណ៍នឹងបន្តពង្រឹងកិច្ចសហការណ៍ជាមួយដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងត្រៀមខ្លួនសម្រាប់ការទទួលភ្ញៀវទេសចរចិនជើងទី ២ និងជើងបន្តបន្ទាប់ទៀត ដើម្បីធ្វើឱ្យឆ្នាំ ២០២៥ ក្លាយជាឆ្នាំនៃទេសចរណ៍នៃមិត្តភាព វិជ្ជមាន និងសហការណ៍បន្តរវាងប្រទេសទាំងពីរ៕

