ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការស្នាក់ការប៉ុស្តិ៍ការប្រចាំការ P1 នៅតំបន់ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ស្នាក់ការនេះមានគោលបំណងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។



លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា កម្លាំងនគរបាលនឹងចាប់ផ្តើមចាត់វិធានការផាកពិន័យ និងឃាត់យានយន្តដែលបើកបញ្ច្រាសទិសចរាចរណ៍។ ក្នុងករណីដែលម្ចាស់យានយន្តមិនរាងចាល នគរបាលនឹងដកហូតយានយន្តទៅរក្សាទុកមួយរយៈ ។ ការអនុវត្តវិធានការនេះផ្អែកលើអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។





អាជ្ញាធរបានពង្រឹងការត្រួតពិនិត្យលើបទល្មើសចរាចរណ៍ដូចជា ការបើកបញ្ច្រាសទិស, ការមិនពាក់មួកសុវត្ថិភាព, ការបំពានផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍, រួមទាំងបទល្មើសផ្សេងៗទៀត។ លោកនាយការិយាល័យបានបញ្ជាក់ថា ការពង្រឹងច្បាប់នេះ មានគោលបំណងបង្កើនការយល់ដឹងរបស់បងប្អូនប្រើប្រាស់ផ្លូវ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានការធ្លាក់ចុះ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។





អត្ថបទ៖ ឈុន គឹម

