ទោះបីជាប្រទេសជឿនលឿន និងប្រទេសមហាអំណាចមានប្រព័ន្ធច្បាប់តឹងរឹង មានការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចមានស្ថេរភាពក៏ដោយ ប៉ុន្ដែបទល្មើសដូចជា ការឆបោកតាមប្រព័ន្ធអ៉ិនធីណិត (Scam Online) , ការជួញដូរមនុស្ស (Human Trafficking) , និងការសំអាតប្រាក់ (Money Laundering) នៅតែបន្ដកើតមានដោយសារតែពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គម។

ខាងក្រោមនេះជាកត្តាសំខាន់ៗនៃបញ្ហាទាំងនេះ៖

១. ការវិវឌ្ឍបច្ចេកវិទ្យាខ្ពស់ និងការប្រើប្រាស់អ៊ីនធឺណិតបានយ៉ាងទូលំទូលាយ ធ្វើឱ្យប្រទេសជឿនលឿនមានបច្ចេកវិទ្យាខ្ពស់ (AI, Blockchain, Cryptocurrency) ដែលបណ្តាលឱ្យជនល្មើសអាចប្រើវាជាឧបករណ៍ឆបោក។ ការឆបោកដែលប្រើប្រាស់តាមបច្ចេកវិទ្យាដែលមានកម្រិតកាន់តែខ្ពស់ ធ្វើឱ្យពិបាកក្នុងការតាមដាន ឬស្វែងរក។​ ការប្រើប្រាស់ប្រាក់ឌីជីថល និងប្រព័ន្ធធនាគារអនឡាញ អាចបង្កើនឱកាសឱ្យក្រុមឆបោកទទួលបានអត្តសញ្ញាណ​ និងការសំអាតប្រាក់។

២. បណ្តាញអន្តរជាតិ និងអន្តរកម្មសេដ្ឋកិច្ចពិភពលោក
ការរួមបញ្ចូលសេដ្ឋកិច្ចពិភពលោក បង្កើតឱកាសឱ្យជនល្មើសប្រើប្រាស់ប្រទេសជាច្រើនសម្រាប់ការសំអាតប្រាក់ ឬជួញដូរមនុស្ស។ បទល្មើសជួញដូរមនុស្សមិនត្រឹមតែមាននៅក្នុងប្រទេសក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែមាននៅក្នុងប្រទេសជឿនលឿនផងដែរ ដោយសារម្ចាស់អាជីវកម្មខ្លះស្វែងរកកម្លាំងពលកម្មថោក។

៣. ភាពស្មុគស្មាញនៃច្បាប់អន្តរជាតិ និងការសហការរវាងប្រទេស និងប្រទេស
បញ្ហាច្បាប់ក្នុងប្រទេសនីមួយៗខុសៗគ្នា ធ្វើឱ្យជនល្មើសប្រើចន្លោះប្រហោងនៃច្បាប់មកប្រព្រឹត្តបទល្មើសបាន។ ម្យ៉ាងវិញទៀត ដោយសារបញ្ហាយុត្តាធិការ ការព្រួយបារម្ភអំពីអធិបតេយ្យភាព ឬឧបសគ្គបែបការិយាធិបតេយ្យ ដែលកត្តាអស់ទាំងនេះធ្វើឱ្យជនល្មើស កេងចំណេញត្រង់ចំណុចខ្វះខាតលើច្បាប់ឆ្លងព្រំដែន ដើម្បីប្រព្រឹត្តិអំពើល្មើសច្បាប់។

៤. ការប្រើប្រាស់ធនធានក្នុងបំណងមិនត្រឹមត្រូវ
ទាំងធនធានទិន្នន័យ បុគ្គលិក និងបច្ចេកវិទ្យាដូចជា៖ គេហទំព័រ, សមាជិកក្លឹប, បណ្តាញសង្គម ដែលត្រូវបានបង្កើតសម្រាប់គោលបំណងនៃវិជ្ជាជីវៈណាមួយ បែរជាត្រូវបានជនល្មើសយកទៅប្រើប្រាស់ក្នុងបទល្មើស ឆបោកអនឡាញ ដូចជាការប្រើប្រាស់ LinkedIn ឬ Email ដើម្បីបង្កើតជាតួអង្គ ឬអត្តសញ្ញាណក្លែងក្លាយក្នុងគោលដៅបោកប្រាស់។

៥. តំរូវការសេដ្ឋកិច្ច និងភាពមិនស្មើរគ្នាក្នុងសង្គម
ទោះជាអភិវឌ្ឍទៅណាក៏ដោយ ប្រទេសមហាអំណាចមួយចំនួននៅមានភាពមិនស្មើរគ្នាផ្នែកសង្គម និងសេដ្ឋកិច្ច។ មនុស្សខ្លះនឹងជ្រើសរើសចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់ ដើម្បីជីវភាព (ក្នុងទម្រង់ជា Scammer ឬជាអ្នកជួញដូរមនុស្ស)។ បទល្មើសជួញដូរមនុស្សក៏ចូលចិត្តរើសយកអ្នករងគ្រោះដែលគ្មានអំណាច ឬជនអន្តោប្រវេសន៍រស់នៅប្រទេសមានសេដ្ឋកិច្ចជឿនលឿន។

៦. ការមិនអនុវត្តច្បាប់យ៉ាងតឹងរឹង
ទោះមានច្បាប់ក៏ដោយ ប្រទេសខ្លះមិនផ្តល់អាទិភាពដល់បទល្មើសហិរញ្ញវត្ថុ ឬបទល្មើសអនឡាញទេ។ ការចុះបញ្ជីខុសឈ្មោះគ្នា (regulatory loopholes), ការអនុញ្ញាតឱ្យបង្កើតគណនីលាក់ឈ្មោះ និងការផ្ដល់សេរីភាពហិរញ្ញវត្ថុខ្លះ បានជួយផ្ដល់ភាពងាយស្រួលដល់ជនល្មើស ក្នុងការប្រព្រឹត្តបទល្មើស។

ជារួម ប្រទេសមហាអំណាច និងប្រទេសជឿនលឿន មិនអាចរឹតបន្តឹងបទល្មើសទាំងនេះបានទាំងស្រុងទេ ព្រោះវា គឺជាការលំបាកនៃសកលភាវូបនីយកម្ម បច្ចេកវិទ្យាដែលអភិវឌ្ឍលឿន លំនាំសង្គមពិបាកព្យាករណ៍ និងច្បាប់សកលដែលមិនអាចផ្គូផ្គងបានទាំងស្រុង។ ជាក់ស្ដែង ដើម្បីបង្រ្កាបបញ្ហាទាំងនេះ គឺទាមទារឱ្យមានការសហការស៊ីជម្រៅជាមួយរដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគមន៍អភិវឌ្ឍន៍បច្ចេកវិទ្យាឱ្យមានការទទួលខុសត្រូវ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌។

ប្រភព៖ Interpol , Interpol , The Exodus Road , Deutsche Welle , The Diplomat , RSIS_NTU , FairPlanet , Council of Foreign Relations , CSIS , Mekong Club

Share.