សិល្បៈជាតិ៖ ភាពយន្ត «សពលើដើមឈើ» ត្រូវបានបង្ហាញវត្តមានតួសម្ដែងកញ្ញា ជា សោភា ហៅ ពិសី ដែលមហាជនអ្នកគាំទ្រកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពសម្ដែងរបស់កញ្ញាជាតួអង្គខ្មោច។ ភាពយន្តនេះកំពុងតែទទួលការចាប់អារម្មណ៏ខ្លាំងពីទស្សនិកជនដែលកំពុងតែចាក់បញ្ចាំងគ្រប់រោងភាពយន្ត។

ផលិតកម្ម PDS Entertainment បានបញ្ជាក់ឱ្យដឹងថា ក្រៅពីភាពភ័យរន្ធត់លស់ព្រលឹងហើយនោះ ភាពយន្តនេះបានបង្ហាញពីអត្ថន័យនៃតម្លៃអប់រំជាច្រើន ជាពិសេសក៏បានលើកបង្ហាញពីប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណរបស់ប្រជាពលរដ្ឋដែលរស់នៅលើទឹក ពិធីដង្ហែសព និងពិធីតំកល់សពលើដើមឈើរបស់ស្រុកខេត្តសៀមរាប ដែលប្រពៃណីមួយនេះបានបន្តដល់មនុស្សជំនាន់ក្រោយសព្វថ្ងៃនេះ។
ក្រៅពីធ្វើឱ្យភាពយន្តទាំងមូលមានភាពទាក់ទាញចំពោះតួសម្ដែង ពិសី ហើយនោះ ផលិតកម្មផ្ទាល់ក៏បានរំលេចអំពីផលលំបាកនៃការផលិតរបស់ក្រុមបច្ចេកទេសដែលត្រូវ អូសភ្លើងកាត់យប់លើទឹក, Standby លើទឹកសឹងតែមួយខែពេញ, ប្រើទូកច្រើន និងទូកស្មាច់រាល់ថ្ងៃ តួសម្ដែង និងក្រុមការងារត្រូវកាត់ក្តៅ កាត់ខ្យល់ កាត់ភ្លៀង លុកលុយក្នុងផ្ទៃទឹក ដើម្បីផ្ដិតយករូបភាពមានគុណភាពសម្រាប់ផលិតជាភាពយន្តលំដាប់ស្ដង់ដារមួយនេះ។
កញ្ញា ជា សោភា ហៅ ពិសី លើកឡើងថា នៅពេលថតខ្សែភាពយន្តមួយនេះ កញ្ញាបានជួបហេតុការណ៍ពិតដោយឃើញមានមឈូសតំកល់សពនៅលើដើមឈើផ្ទាល់ៗតែម្ដង។ កញ្ញារៀបរាប់ថា ខ្លួនមិនសូវបានបញ្ចេញសមត្ថភាពសម្ដែងឱ្យខ្លាំងក្នុងភាពយន្តនេះប៉ុន្មានទេ ប៉ុន្តែដូចជាមានអ្វីមកសណ្ឋិតដែលជំរុញឱ្យការសម្ដែងរបស់កញ្ញាដូចជាធម្មជាតិពិតៗ។




ភាពយន្ត «សពលើដើមឈើ» មានការចូលរួមសម្ដែងពីតួកញ្ញា ពិសី កញ្ញា គុណ កន្និកា ជាតួអង្គខ្មោច, តួអង្គ លោក ស្រេន វុធថា ជាតួអង្គឪពុកពូកែលាក់ទឹកមុខ, និងតួអង្គ សុម៉ាលី មាតាទឹកភ្នែក, តួអង្គ រាំប៉ូ កំណាចកាចឃោឃៅ។ មិនត្រឹមតែភ័យបុកពោះនោះទេ អ្នកទស្សនាភាពយន្តនេះហើយនឹងឆ្ងល់ជាមួយឈុតឆាកស៊ើបអង្កេតដែលមិនធ្វើឱ្យខកបំណង។ សូមជម្រាបថា ភាពយន្តនេះកំពុងចាក់បញ្ចាំង សង្ឃឹមថា ពុកម៉ែបងប្អូននឹងជួយគាំទ្រលើកស្ទួយវិស័យខ្សែភាពយន្ត ដើម្បីតួអង្គ និង ផលិតកម្មនិងមានកម្លាំងចិត្តប្រឹងរិះរកគំនិតរឿងល្អៗមកផលិតជាភាពយន្តថ្មីៗបន្តទៀត៕

