ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League 2025) បានវិលមកវិញហើយសម្រាប់រដូវកាលឆ្នាំ២០២៥ ខណៈការប្រកួតនៅសប្តាហ៍ទី១ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ។

មុនចាប់ផ្តើមរដូវកាលថ្មី ឆ្នាំ២០២៥ សារព័ត៌មានត្រយង សូមលើកយករឿង៤យ៉ាង មកជម្រាបជូនប្រិយមិត្ត ដូចតទៅ៖
ទី១) សមាភាពក្រុមចូលរួម៖
សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖
- ទី១ ក្រុមនារីព្រះខ័នរាជស្វាយរៀង
- ទី២ ក្រុមនារីភ្នំពេញក្រោន
- ទី៣ ក្រុមនារីវិសាខា
- ទី៤ ក្រុមនារីបឹងកេត
- ទី៥ ក្រុមនារីណាហ្គាវើលដ៍
- ទី៦ ក្រុមនារីខេត្តសៀមរាប
- ទី៧ ក្រុមនារីមីស្ទើរលេង
- ទី៨ ក្រុមនារីខេត្តកណ្តាល
ទី២) រូបមន្តប្រកួត៖
ចំពោះរូបមន្តប្រកួតគឺ ក្រុមទាំង៨ ដែលជាសមាជិក ត្រូវប្រកួតគ្នាវិលជុំសន្សំពិន្ទុ ចំនួន២ជុំ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគនារី (Cambodian Women’s League) រដូវកាលឆ្នាំ២០២៥ ។
ទី៣) កាលវិភាគប្រកួត
ចំពោះកាលវិភាគប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣១ ដល់ថ្ងៃទី៣០ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមកីឡដ្ឋានទាំង ៨របស់ក្រុមដែលជាមាជិក។
ទី៤) ទីលានប្រកួត
សម្រាប់ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) គឺនឹងធ្វើឡើងនៅទីលានចំនួន៨ រួមមាន៖
- ទី១) កីឡដ្ឋានខេត្តស្វារៀង របស់ក្លិបនារីព្រះខ័នរាជស្វាយរៀង
- ទី២) មជ្ឃមណ្ឌលហ្វឹកហាត់វិសាខា
- ទី៣) ទីលានមីស្ទើរលេង ស្រុកលើកដែក
- ទី៤) ទីលានហ្វឹកហាត់បឹងកេត ហាយធិច
- ទី៥) កីឡដ្ឋានស្មាត អ អេស អិន
- ទី៦) កីឡដ្ឋានខេត្តកំពង់ស្ពឺ
- ទី៧) កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)
- ទី៨) កីឡដ្ឋានខេត្តកណ្តាល
នេះជាកម្មវិធីប្រកួតសប្តាហ៍ទី១

សូមរំលឹកថា ក្រុមនារីភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League) រដូវកាល២ឆ្នាំ២០២៤-២៥ ក្រោយយកឈ្នះលើក្រុមនារីវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនៅកីឡដ្ឋានស្តាតចាស់៕


