អង្គភាព​មួយ​របស់​ទីម័រ​ខាង​កើត ត្រូវ​បាន​បង្កើត​ឡើង​រួច​ហើយ​នៅ​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​ទីក្រុង​ហ្សាការតា អង្គភាព​នេះ​មាន​នាទី​ជួយ​ទីម័រ​ខាង​កើត​ក្នុង​ការ​អនុវត្ត​តាម​បទដ្ឋាន​គតិយុត្តិ​របស់​អាស៊ាន​។ ជា​មួយ​គ្នា​នេះ បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន កំពុង​អនុវត្ត​នីតិវិធី​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​ដំណើរការ​ចូល​ជា​សមាជិក​របស់​ទីម័រ​ខាង​កើត នៅ​ត្រឹម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤៧ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​ខែ​តុលា​ឆ្នាំ​២០២៥ នេះ ដោយ​សង្ឃឹម​ថា នឹង​បាន​សម្រេច​។

ឯកឧត្តម មហាម័ត ហាសាន់ រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាលេស៊ី​លើកឡើងបែបនេះ ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទី​ក្រុង​គូឡាឡាំពួរ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ បាន​បញ្ចប់​។

ក្នុង​ឱកាស​នេះ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​លិខិត​សម្ដែង​ក្ដី​សោមនស្ស​រីករាយ​ជូន​រដ្ឋាភិបាល និង​ប្រជាជន​ទីម័រ​ខាងកើត ចំពោះ​ការ​ចូល​ជា​សមាជិក​ផ្លូវការ នៃ​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ នៅ​ខែ​តុលា ខាង​មុខ បន្ទាប់​ពី​ការ​ចូល​ជា​សមាជិក​សង្កេតការណ៍របស់​អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង លើក​ទី​៤១ នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២២ គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​សម្រាប់​តំបន់​។

បើ​តាម​សម្ដេច​តេជោ កម្ពុជា​តែង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​សមាជិកភាព​អាស៊ាន​របស់​ទីម័រ​ខាង​កើត ដែល​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ក្នុង​ការ​លើក​កម្ពស់​ឯកភាព បរិយាបន្ន និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ ប្រឈម​មុខ​នឹង​បរិការណ៍​សកលលោក កំពុង​មាន​ភាព​ស្មុគស្មាញ ការ​ដាក់​បញ្ចូល​ទីម័រ​ខាង​កើត​ជា​សមាជិក​អាស៊ាន នោះ​នឹង​ជួយ​ពង្រឹង​ចក្ខុវិស័យ​រួម​សម្រាប់​សហគមន៍​អាស៊ាន​ដែល​មាន​ភាព​ធន់ និង​ស្អិតល្មួត​។

រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី បាន​គូស​បញ្ជាក់​ថា ការ​ដាក់​បញ្ចូល​ទីម័រ​ខាងកើត​ជា​សមាជិក​ពេញ​សិទ្ធ​នៃ​អាស៊ាន ធ្វើ​ឡើង​ស្រប​តាម​ចក្ខុវិស័យ និង​អនុលោម​តាម​ប្រធាន​បទ​សម្រាប់​ឆ្នាំ ២០២៥ គឺ អាស៊ាន​ប្រកប​ដោយ បរិយាបន្ន និង​និរន្តរភាព​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.