ព្រះសីហនុ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជិត២គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២១និង៥០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅគោលដៅចំនួន២ទីតាំង។ ទី១ ស្ថិតនៅចំណុច សណ្ឋាគារ CICI DIAMOND HOTEL ជាន់ទី១០ បន្ទប់៨៨៨៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិល្វា សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនល្មើស០៥នាក់ មានស្រ្តី ១នាក់ ក្នងនោះមានជនជាតិជាវៀតណាម០២នាក់(ស្រី១) ជនជាតិចិន០២នាក់ និងជនជាតិខ្មែរ១នាក់ ព្រមទាំង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់៥០,៨៤ក្រាម, គ្រឿងញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់១,៩៣៩.០៧ក្រាម សរុបទាំងអស់មានសារធាតុញៀនទម្ងន់ ១,៩៨៩.៩១ក្រាម ឬស្មើជិត២គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី៕

អត្ថបទ៖ ឈុមគឹមហៃ

Share.