វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) នេះថា លោក ពូទីន កំពុង «លេងជាមួយភ្លើង» ខណៈក្រុងវ៉ាស៊ីនតោន កំពុងថ្លឹងថ្លែងពីទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្គ្រាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥។

ការអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោក ត្រាំ បានបង្ហាញពីការខកចិត្តរបស់លោកជាមួយនឹងការជាប់គាំងកិច្ចចរចាបទឈប់បាញ់ ហើយបានកើតឡើងរយៈពេល ២ថ្ងៃបន្ទាប់ពីលោក បានហៅមេដឹកនាំវិមានក្រឹមឡាំងថា «មនុស្សឆ្កួត» ក្រោយបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំលើអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលជាបន្ដបន្ទាប់។

នៅក្នុងការបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃទី២៧ ខែឧសភា នេះ លោក ដូណាល់ ត្រាំ បានសរសេរថា «អ្វីដែលលោក វ្ល៉ាឌីមៀរ ពូទីន មិនដឹងនោះគឺថា ប្រសិនបើគ្មានខ្ញុំទេ មានរឿងអាក្រក់ច្រើនណាស់នឹងកើតឡើងចំពោះរុស្ស៊ី។ ខ្ញុំមានន័យថា ពិតជាអាក្រក់ខ្លាំងមែនទែន។ គាត់កំពុងលេងជាមួយភ្លើងហើយ!»។

យ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់ថា អ្វីទៅជារឿង «អាក្រក់» ឬធ្វើការគំរាមកំហែងជាក់លាក់ណាមួយនោះទេ។ ប៉ុន្តែកាសែត Wall Street Journal និង CNN បានរាយការណ៍ថា ឥឡូវនេះ លោកត្រាំ កំពុងពិចារណាការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅដើមសប្តាហ៍នេះ៕

