កងទ័ពកម្ពុជា និងថៃប៉ះទង្គិចគ្នារយៈពេលខ្លី នៅខេត្តព្រះវិហារ នាព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បានឆ្លើយយ៉ាងខ្លីថា ការប៉ះទង្គិចរយៈពេលខ្លីគឺមានមែន ហើយភាគីថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន។

ប៉ុន្ដែផ្អែកតាមសារព័ត៌មាន Khaosod English ដោយបានដកស្រង់ការលើកឡើងរបស់ កងទ័ពភូមិន្ទថៃថា គ្មានការប៉ះទង្គិចប្រដាប់អាវុធរវាងថៃ និងកម្ពុជា។ ការបាញ់ព្រមានត្រូវបានបាញ់ដើម្បីបញ្ឈប់សកម្មភាពបន្ទាប់ពីការរំលោភលើលក្ខខណ្ឌ ដែលបានព្រមព្រៀងគ្នាប៉ុណ្ណោះ។ ស្ថានការណ៍ដ៏តានតឹងដែលអូសបន្លាយរយៈពេលប្រហែល ១០ នាទីរវាងទាហានថៃ និងខ្មែរបានកើតឡើងនៅចុងបូក ខេត្តអ៊ូប៊ុនរ៉ាត់ថានី នៅម៉ោងប្រហែល ៥ និង ៤៥ នាទីព្រឹកថ្ងៃទី ២៨ ឧសភានេះ។
ទាក់ទងនឹងទីតាំងនៃការប៉ះទង្គិចគ្នានេះ សារព័ត៌មានក្នុងស្រុកនៅកម្ពុជាក៏បានផ្សាយដែរថា ការប៉ះទង្គិចរយៈពេលខ្លីខាងលើនេះ ស្ថិតនៅតំបន់ចុងបូកជិតមុំបីជាទីប្រសព្វនៃព្រំដែនខ្មែរ ថៃ និងឡាវ។ ប៉ុន្ដែស្ថានការណ៍បានធូរស្រាលវិញក្រោយមេទ័ពនៃប្រទេសទាំងពីរបានចរចាគ្នា។

រូបតំណាង កងទ័ពថៃ
យ៉ាងណាក៏ដោយ ជុំវិញព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បានប្រាប់សារព័ត៌មានត្រយងញូវស៍ថា ព័ត៌មានលម្អិតបែបណានោះ ឯកឧត្តមកំពុងស្ថិតនៅក្នុងដំណាក់កាលប្រមូលព័ត៌មាននៅឡើយ និងកំពុងឆ្លងយោបល់ថ្នាក់ដឹកនាំបន្ថែមផងដែរ។
កាលពីខែមីនា ឆ្នាំ២០២៥កន្លងទៅ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានថ្លែងនៅក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជាថា កម្ពុជានឹងប្រើប្រាស់គ្រប់មធ្យោបាយជាមួយថៃប្រសិនបើមានការបំពានណាមួយដោយប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ។ ការលើកឡើងនេះក៏ព្រោះមានអ្នកជាតិនិយមថៃប្រកាសថាប្រាសាទតាមាន់ធំជារបស់ថៃ។ យ៉ាងណាមិញ សម្ដេចបវរធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានរបៀបធ្វើការរបស់ខ្លួន និងក៏មិនចង់ឲ្យមានសង្គ្រាមផ្ទុះឡើងដែរ ដោយហេតុថាសង្គ្រាមបង្កការលំបាកដល់ប្រជាជន និងកងទ័ព។
គេនៅចាំបានដែរថា ជម្លោះព្រំដែនជុំវិញប្រាសាទព្រះវិហារ បានបន្តជាយូរមកហើយ។ នៅឆ្នាំ ២០០៨ ការបញ្ចូលប្រាសាទនេះជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO បានបង្កើនភាពតានតឹងរហូតឈានដល់កងទ័ពនៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ រហូតដល់ខែសីហា ឆ្នាំ២០០៨ វិវាទបានពង្រីកដល់បរិវេណប្រាសាទតាមាន់ ដែលបានសាងក្នុងសតវត្សទី១៣ ចម្ងាយ ១៥៣ គីឡូម៉ែត្រ (៩៥ ម៉ាយ) ខាងលិចប្រាសាទព្រះវិហារ (១៤°២០′៥៧″N ១០៣°១៥′៥៩″E) ដែលកម្ពុជាបានចោទប្រកាន់កងទ័ពថៃថាបានកាន់កាប់ប្រាសាទដែលខ្លួនអះអាងថាស្ថិតនៅលើទឹកដីកម្ពុជា។ ក្រសួងការបរទេសថៃបានបដិសេធថា ទាហានណាមួយមិនបានផ្លាស់ទីចូលទៅក្នុងតំបន់នោះ រហូតដល់មនុស្សជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការជួបប្រជុំគ្នាក្នុងខែមេសា ឆ្នាំ២០១១។ កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ក្នុងខែធ្នូ ឆ្នាំ ២០១១ ដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះ។
នៅថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆ័ន្ទថា សាលក្រមរបស់ ICJ ឆ្នាំ ១៩៦២ បានប្រគល់តំបន់ជុំវិញប្រាសាទព្រះវិហារទាំងអស់មកឱ្យកម្ពុជា ហើយថាប្រទេសថៃមានកាតព្វកិច្ចដកកងកម្លាំងយោធា ប៉ូលីស ឬឆ្មាំថៃដែលឈរជើងនៅក្នុងតំបន់នោះ។
យ៉ាងណាមិញជម្លោះនៅតំបន់ព្រំដែកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ គឺទាំងពីរប្រទេសត្រូវការការចរចាសន្តិភាព ដើម្បីជៀសវាងការប្រឈមមុខយោធាថ្មី និងរកដំណោះស្រាយស្ថាពរនៅតំបន់ព្រំដែននេះ៕
