បញ្ហាសុខភាពបាននិងកំពុងតែក្លាយជាក្តីបារម្ភ សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ខណៈដែលព័ត៌មានអំពីការណែនាំចូលចំណីអាហារក៏ដូចជាផ្លែឈើដែលពុំមានសុវត្ថិភាពពីប្រទេសជិតខាង បាននិងកំពុងតែក្លាយទៅជាប្រធានបទដ៏ក្តៅគគុក សម្រាប់ការជែកវែកញែកក្នុងចំណោមមហាជនខ្មែរ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម។

ជាការកត់សម្គាល់ក្តីបារម្ភរបស់ប្រជាពលរដ្ឋនេះ គឺមិនមែនជារឿងដែលពុំមានហេតុផលនោះឡើយ។ក្តីបារម្ភនេះ កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ អំពីការ រកឃើញចំណីអាហារ បន្លែត្រីសាច់និងផ្លែឈើពិសេសផ្លែទុរេន ដែលនាំចូលពីប្រទេសជិតខាងមានផ្ទុកនូវសារធាតុគីមី ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

ក្រៅពីមហាជនទូទៅសូម្បីតែសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ  កម្ពុជាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីនេះ ក៏បានលើកឡើងពីក្តីបារម្ភរបស់    សម្តេចផងដែរ។ក្នុងនោះសម្តេចណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការទប់ស្កាត់ចំពោះការនាំចូលចំណីអាហារមានជាតិគីមី ពិសេសធុរេន និងសាច់គោពីក្រៅប្រទេសថែមទៀតផង។

សម្រាប់អ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា បញ្ហានាំចូលចំណីអាហារដែលមិនមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់នេះ វាមិនមែនជារៀងថ្មីនោះឡើយ ហើយក៏គេពុំអាចដឹងបានថា តើនឹងត្រូវបញ្ចប់នៅពេលណានោះដែរ។ព្រោះថា អ្វីៗគឺអាស្រ័យទាំងស្រុងទៅលើឆន្ទៈអនុវត្តច្បាប់ របស់ស្ថាប័ននិងសមត្ថកិច្ចជំនាញតែប៉ុណ្ណោះ។

ជារឿយៗ គេបានឃើញមានការចុះផ្សាយអំពីសកម្មភាពបង្ក្រាបផលិតផលបសុសត្វដែលត្រូវបាននាំចូលដោយខុសច្បាប់ពីប្រទេសជិតខាងរាប់តោនស្ទើររៀងរាល់ថ្ងៃ នៅតាមច្រកព្រំដែនក៏ដូចជានៅតាមទីផ្សារក្នុងស្រុកមួយចំនួន។ចំពោះទំនិញខុសច្បាប់ទាំងអស់នោះ ត្រូវបានសមត្ថកិច្ចជំនាញយកទៅដុតបំផ្លាញចោលជាបន្តបន្ទាប់ផង     ដែរ។ ប៉ុន្តែអ្វីដែលមហាជននៅតែមានចម្ងល់នោះ គឺថា ហេតុអ្វីបានជាឈ្មួញនៅតែអាចធ្វើសកម្មភាពលួចនាំចូលទំនិញជាចំណីអាហារ បន្លែផ្លែឈើដែលខូចគុណភាពនិងដោយពុំមានច្បាប់អនុញ្ញាតបាន?បើដឹងថា បន្លែផ្លែឈើដែលនាំចូលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ចុះហេតុអ្វីខ្មែរមិនព្រមដាំ?ចំពោះចម្លើយទៅនឹងសំណួរទាំងនេះ ទាមទារឲ្យមានការចូលរួមឆ្លើយទាំងអស់គ្នា ពិសេសពីគ្រប់តួអង្គពាក់ព័ន្ធសំខាន់ៗដែលរួមមានអង្គភាព   ស្ថាប័នពាក់ព័ន្ធក៏ដូចជាមន្ត្រីជំនាញនិងអនុវត្តច្បាប់។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ កន្លងមកមានការបញ្ចេញទស្សនៈផ្សេងៗគ្នា ប៉ុន្តែសុទ្ធតែជាតម្រុយដែលគួរឲ្យផ្តោតការយកចិត្តទុកដាក់និងពិចារណា។មានទស្សនៈមួយជ្រុងបានលើកឡើងនូវទឡ្ហីករណ៍ថា ការហូរចូលនៃចំណីអាហារនិងបន្លែផ្លែឈើពីប្រទេសជិតខាងគឺដោយសារតែការផ្គត់ផ្គង់នៅក្នុងស្រុកពុំបានគ្រប់គ្រាន់ទៅតាមតម្រូវការនៃការប្រើប្រាស់។ការលើកឡើងនេះ ត្រូវបានមជ្ឈដ្ឋានខ្លះគាំទ្រនិងមជ្ឈដ្ឋានមួយចំនួនទៀត      ជំទាស់។ សម្រាប់អ្នកមិនគាំទ្រចំពោះការលើកឡើងនេះ គឺក្រុមកសិករដែលជាអ្នកចិញ្ចឹមសត្វនិងដាំបន្លែ ផ្លែឈើគ្រប់ប្រភេទ។សម្រាប់កសិករដែលជាក្រុមផលិត គឺការអនុញ្ញាតឲ្យនាំចូលដោយសេរីនូវចំណីអាហារ បន្លែផ្លែឈើគ្រប់ប្រភេទពីប្រទេសជិតខាងនេះដូចសព្វថ្ងៃនេះហើយ ដែលធ្វើឲ្យកសិករបាក់ទឹកចិត្ត លែងចង់ដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វគ្រប់ប្រភេទ ព្រោះថា ថ្លែផលិតក្នុងស្រុកខ្ពស់ មិនអាចប្រកួតប្រជែងនឹង ផលិតផលបសុសត្វនិងបន្លែផ្លែឈើដែលនាំចូល ធ្វើឲ្យកសិករខាងឡុងចុង ខ្លះរហូតដល់រាងចាល ជំពាក់បំណុលគេដល់រត់ចោលស្រុកក៏មាន។

ចំណែកទស្សនៈមួយជ្រុងទៀតបានបន្ទោសទៅលើ ភាពចន្លោះប្រហោងក្នុងការអនុវត្តច្បាប់ បាតុភាពអសកម្មរបស់មន្ត្រីនិងជាពិសេសក្រុមមន្ត្រីដែលមានភារកិច្ចត្រួតពិនិត្យនៅតាមច្រកព្រំដែន។

យ៉ាងណាក៏ដោយ ពេលនេះមិនមែនជាពេលដែលត្រូវសាចទឹកដាក់គ្នានោះឡើយ ព្រោះថា ទាំងរាជរដ្ឋាភិបាល ទាំងស្ថាប័ន អាជ្ញាធរក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធសុទ្ធតែបានដឹងគ្រប់គ្នាអំពីដើមចមនៃបញ្ហា ដែលបណ្តាលឲ្យមានការនាំចូលទំនិញពិសេសចំណីអាហារ ពីប្រទេសជិតខាង ដែលក្នុងនោះរួមទាំងចំណីអាហារ បន្លែផ្លែឈើដែលមានផ្ទុកសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។

ដូច្នេះអំណើះតទៅ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់គប្បីផ្តោតការយកចិត្តទុកដាក់ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការណែនាំចូលទំនិញ ពិសេសចំណីអាហារដែលពុំមានគុណភាពនិងដោយខុសច្បាប់ពីប្រទេសជិតខាង។ឈ្មួញល្មើស និងអ្នកពាក់ព័ន្ធ(អ្នកនៅពីក្រោយខ្នង) មន្ត្រី ឬសមត្ថកិច្ចដែលគប់គិតជាមួយឈ្មួញ គួរតែត្រូវបានផ្តន្ទោទោសទៅតាមច្បាប់ជាធរមានដោយពុំមានការលើកលែង។ចំណែកឯប្រជាជនខ្មែរវិញ គួរតែរួមគ្នាលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈការចូលរួមផលិតនិងប្រើប្រាស់ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។ដើម្បីឈានទៅអាចផលិតចំណីអាហារសម្រាប់ផ្គត់ផ្គត់ប្រជាជនខ្មែរឲ្យបានគ្រប់គ្រាន់នោះ ពិតណាស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពិតជាត្រូវដើរតួនាទីសំខាន់ជាងគេនៅក្នុងរឿងនេះ ក្រៅពីនេះនៅមានស្ថាប័ននិងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

សូមចងចាំដែរថា បើត្រឹមតែនិយាយថា ស្រឡាញ់ខ្មែរ គាំទ្រផលិតផលខ្មែរ គឺនៅមិនទាន់គ្រប់គ្រាន់នោះឡើយ ប៉ុន្តែសូមចាប់ផ្តើមពីថ្ងៃនេះធ្វើនូវសកម្មភាពដែលបង្ហាញនូវក្តីស្រឡាញ់និងការគាំទ្រនោះទាំងអស់គ្នា នោះគឺរួមគ្នាប្រើប្រាស់និងផ្សព្វផ្សាយផលិផលក្នុងស្រុក។បើខ្មែរទាំងអស់គ្នាធ្វើបានពិតមែន នោះសរបញ្ជាក់ឲ្យឃើញថា ខ្មែរស្រឡាញ់ខ្មែរយ៉ាងពិតប្រាកដ៕

Share.