ភ្នំពេញ ៖ ផ្លូវលំក្នុងភូមិតាអិន ភូមិរំដួលជើង រំដួលត្បូង ភូមិត្រឹប ភូមិសាឡូង ក្នុងសង្កាត់ស្នោ និងក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅជាផ្លូវលំ នៅឡើយ ទទួលរងខូចខាត ជង្ហុក បែកភក់ ដក់ទឹកនាដូវវស្សា ពលរដ្ឋប្រឈមការលំបាក ត្រូវបានអាជ្ញាធរខណ្ឌដាក់គនរឿងចក្រ ឈូសឆាយពង្រាបលឭ លប់ជង្ហុក សម្រួលគ្រាន់បានពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ថ្វីដ្បិតមិនទាន់ប្រែក្លាយជាផ្លូវបេតុង ។



តាមពលរដ្ឋ អ្នកភូមិ បានលើកឡើងថា ក្នុងមូលដ្ឋានរបស់ពួកគាត់ មិនទាន់មានផ្លូវបេតុងដូចក្នុងមូលដ្ឋានគេនៅឡើយ រំពឹងលើផែនការគម្រោងអភិវឌ្ឍ ភូមិ សង្កាត់ តែយូរឆ្នាំមកហើយមិនទាន់បានផ្លូវបេតុងនឹងគេ ស៊ូទ្រាំប្រើប្រាស់ផ្លូវលំ ផ្លូវដី យូរទៅរងខូចខាត បែក ជង្ហុក ដក់ទឹក ភក់ នារដូវវស្សា ។ ដោយប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរ ប្រចាំថ្ងៃ ដាច់ចិត្តទទូចស្នើសុំដល់អាជ្ញាធរ ទោះមិនទាន់ប្រែក្លាយជាផ្លូវបេតុង សុំត្រឹមជួយលប់ជង្ហុក ឈូសឆាយ ពង្រាប គ្រាន់សម្រួលក្នុងការធ្វើដំណើរយប់ថ្ងៃ ។




ឆ្លើយតបទៅនឹងការសំណូមពររបស់ពលរដ្ឋ តាមលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: និងសង្កាត់ ភូមិ ដាក់គ្រឿងចក្រ ឈូសឆាយកៀរសម្រួលផ្លូវជង្ហុកសំបុកមាន់ មួយខ្សែចាប់ពីផ្លូវបេតុងលេខ៤២ ទៅដល់វត្តស្រះស្រង់ ក្នុងភូមិត្រិប ភូមិសាឡូង សង្កាត់កំបូល និងមួយខ្សែទៀត ចាប់ពីអនុវិទ្យាល័យទួលស្នោរ រហូតផ្លូវបេតុងភូមិរំដួលជើង ក្នុងភូមិតាអិន ភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិតាអិន និងភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕
អត្ថបទ៖ នេន មិនា

