សិល្បៈជាតិ៖ តារាចម្រៀង និងជាអ្នកនិពន្ធគឺលោក ម៉ុង ម៉ានិត បានប្រកាសដំណឹងទៅកាន់អ្នកគាំទ្រថា ប្រលោមលោករឿង «ជួបគ្នា១៥ឆ្នាំក្រោយ» នឹងលេចរូបរាងជាភាពយន្តខ្នាតធំ បញ្ចាំងលើផ្ទាំងសំពត់ស ដែលគម្រោងចាយរយៈពេល ២ ឆ្នាំក្នុងការផលិត។

លោក ម៉ុង ម៉ានិត បានប្រកាសឡើងយ៉ាងភ្ញាក់ផ្អើលថា «ក្នុងការផលិតប្រលោមលោករឿង «ជួបគ្នា១៥ឆ្នាំក្រោយ» ទៅជាខ្សែភាពយន្តខ្នាតធំ។ ខ្ញុំបានលាក់ទុកគម្រោងនេះជាង២ឆ្នាំមកហើយ ក្នុងការត្រៀមខ្លួន ហ្វឹកហាត់ និងរៀបចំក្រុមការងារ។ ទីបំផុត យើងសម្រេចចិត្តចែករំលែកព័ត៌មាននេះជូនមិត្តអ្នកអានគ្រប់គ្នា ដើម្បីរង់ចាំមើលផ្ទាំងទស្សនីយភាពលើផ្ទាំងសំពត់ស ដែលបំប្លែងពីប្រលោមលោករបស់ខ្ញុំទៅជាខ្សែភាពយន្តខ្នាតធំជាលើកដំបូង។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជឿទុកចិត្តលើស្នាដៃខ្ញុំ ព្រមទាំងផលិតករទាំងអស់។ អ្នកនឹងបានឃើញអ្វីដែលអ្នកចង់ឃើញ។ »

សៀវភៅប្រលោមលោករឿង «ជួបគ្នា១៥ឆ្នាំក្រោយ» ជាស្នាដៃរួមរវាងលោក ម៉ានិត កញ្ញា ម៉ាក់ ស្រីនាថ និង លោក ម៉ុង ម៉ានុត ដែលបាននិពន្ធរឿងនេះឡើងដើម្បីបំពេញអារម្មណ៍ប្រិយមិត្តអ្នកអាន និងគាំទ្រស្រឡាញ់សៀវភៅ។ សាច់រឿងទាំងមូលបានលាតត្រដាងអំពីសេច្ដីស្នេហាដែលត្រូវបានគិតថា មានត្រឹមតែក្ដីស្រលាញ់គឺគ្រប់គ្រាន់ហើយ តែជីវិតមានត្រឹមតែស្នេហាមួយមុខគឺមិនគ្រប់គ្រាន់ទេ។ តើ១៥ឆ្នាំក្រោយនឹងជួបគ្នាបែបណា?
សូមជម្រាបថា ម៉ានិត គឺជាម្ចាស់ស្នាដៃសៀវភៅប្រលោមលោកជាច្រើន លោកចាប់ផ្ដើមអាជីពជាអ្នកនិពន្ធសៀវភៅនៅឆ្នាំ ២០១៦ ហើយស្នាដៃរបស់លោកមានដូចជាសៀវភៅ «បេសកម្មមួយ» «ផ្ទះកណ្ដាលបឹង ១,២» «ជួបគ្នា ១៥ ឆ្នាំក្រោយ» «កូនទី ៦» «ព្រះនាងមុខ ១០០០ និងគ្រោះទាំង ៧ » និងប្រលោមលោកល្បីៗជាច្រើនរឿងទៀត ហើយធ្លាប់បានផលិតជាភាពយន្តភាគផងដែរ៕

