កូឡាឡាំពួ៖ មេដឹកនាំអាស៊ានបានយល់ព្រមជាគោលការណ៍ក្នុងការទទួលយកទីម័រខាងកើតជាសមាជិកទី១១ នៃប្លុកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខែតុលា ខាងមុខនេះ ដោយរង់ចាំប្រទេសនេះបំពេញលក្ខខណ្ឌមួយចំនួនដែលនៅសល់ ដើម្បីទទួលបានសមាជិកភាពពេញលេញ ជាពិសេសពាក់ព័ន្ធនឹងសសរស្តម្ភសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnamplus នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងកូឡាឡាំពួ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានបញ្ជាក់ថា មេដឹកនាំបានឈានដល់ការឯកភាពគ្នា ដើម្បីគាំទ្រទីម័រខាងកើតក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីក្លាយជាសមាជិកពេញលេញនៃប្លុកនេះ។

យោងតាមនាយករដ្ឋមន្ត្រី Anwar ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ទីម័រខាងកើតត្រូវតែបំពេញតាមគោលការណ៍ និងសសរស្តម្ភជាក់លាក់ រួមទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងច្បាប់ ដែលត្រូវបានចាត់ទុកថាជាតម្រូវការជាមុន។

នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Kay Rala Xanana Gusmao ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ នៅទីក្រុង Kuala Lumpur បានបង្ហាញសុទិដ្ឋិនិយមថា ទីម័រខាងកើតនឹងទទួលបាននូវសមាជិកភាពពេញលេញនៅចុងឆ្នាំនេះ។

កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការរបស់ទីម័រខាងកើត លោក Bendito dos Santos Freitas បានបញ្ជាក់ថា ការចូលរួមប្លុកក្នុងតំបន់ មិនត្រឹមតែជាផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសំឡេងរបស់ប្រទេសក្នុងតំបន់ និងស្របតាមទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

គួរបញ្ជាក់ថា ប្រទេសទីម័រខាងកើត បានដាក់ពាក្យសុំចូលជាសមាជិកអាស៊ានក្នុងឆ្នាំ២០១១ ហើយត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៅឆ្នាំ២០២២។ បច្ចុប្បន្នអាស៊ានមានប្រទេសជាសមាជិកចំនួន១០ គឺប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

