បន្ទាយមានជ័យ៖ អាជីវករនៅផ្សារភ្នំតូច នៅខេត្តបន្ទាយមានជ័យ តវ៉ាសុំឲ្យក្រុមហ៊ុនបញ្ឈប់គម្រោងរុះរើតូបពួកគាត់ ហើយសាងសង់តូបថ្មីលក់ឲ្យគាត់ ១ម៉ែត្រ ការ៉េ១៦០ដុល្លារ ធ្វើការតវ៉ានៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលាឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អាជីវករនៅផ្សារភ្នំតូច បានឲ្យដឹងថា អាជីវករដែលមានតូបលក់ដូរក្នុងផ្សារភ្នំតូចប្រមាណជាង៨០គ្រួសារ សូមធ្វើការតវ៉ាសុំឲ្យអាជ្ញាធរស្រុក/ខេត្ត ជួយអន្តរាគមន៍ កុំឲ្យក្រុមហ៊ុនឯកជនមកធ្វើការរុះរើតូបរបស់ពួកគាត់កំពុងលក់ដូរ ធ្វើជាផ្សារថ្មី ហើយលក់ដូរឲ្យពួកគាត់វិញ ក្នុងតម្លៃថ្លៃ ១ម៉ែត្រ ការ៉េ តម្លៃ១៦០ដុល្លារ ព្រោះពួកគាត់គ្មានលទ្ធភាពនោះទេ។

អាជីវករបញ្ជាក់ថា៖ ផ្សារភ្នំតូចនេះ ពួកគាត់ ជាអ្នកស្រុកនៅទីនេះ បានធ្វើតូបលក់ដូរ សាងសង់តាំងពីតូបស្បូវរហូតដល់តូបដែកស័ង្កសី រហូតដល់បច្ចុប្បន្ននេះ ដោយលក់ដូរតកូនតចៅ ដីដែលសាងសង់ផ្សារនេះជាដីរបស់រដ្ឋដែលអនុញ្ញាតិឲ្យពួកគាត់លក់ដូរតាំងពីឆ្នាំ១៩៨៣មកម្លេះ។ ហើយថ្មីៗនេះ មានក្រុមហ៊ុនមួយមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានអាជ្ញាធរឃុំ/ស្រុក អនុញ្ញាតិឲ្យចុះមកធ្វើការស្ទៀបស្ទង់មតិរបស់អាជីវករ តែអាជីវករនៅក្នុងផ្សារភ្នំតូច មិនព្រមជាដាច់ខាត ទើបធ្វើការតវ៉ា បើចង់កែលំអរផ្សារ ឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ អានាម័យឲ្យល្អជាងនេះ អាជីវករសុំធ្វើជាសហគមសាងសង់ដោយខ្លួនឯង។

ដោយឡែក លោក ស៊ឹម សុភ័ណ ជាអ្នកសម្របសម្រួលជាមួយអាជីវករ តំណាងក្រុមហ៊ុន សុវណ្ណសុខសាន្តនិរន្ត ដែលមានគម្រោងម៉ៅការកែលំអរផ្សារភ្នំតូច បានឲ្យដឹងថា ក្រុមហ៊ុន មកដាក់ស្នាក់ការនៅមុខផ្សារនេះ គឺមកសម្របសម្រួលស្ទាបស្ទង់មតិរបស់អាជីវករ ដោយមានគម្រោងចង់កែលំអរផ្សារភ្នំតូច ឲ្យមានផ្លូវបេតុង បន្ទប់ទឹកស្អាត កន្លែងផ្ញើកង់ម៉ូតូរថយន្ត រៀបចំឲ្យមានរបៀបរយ សន្តិសុខយាមកាម និងដាក់កាមេរ៉ាសុវត្ថភាព មានប្រព័ន្ធទឹកឲ្យបានស្អាត ហើយមកនេះ ក៏មិនបានរុះរើតូបរបស់ពួកគាត់នោះទេ គឺមកស្រង់មតិចូលរួមពីពួកគាត់ ទាល់តែពួកគាត់យល់ព្រមទើបក្រុមហ៊ុន មានសិទ្ធិធ្វើកែលំអរផ្សារនេះឡើងវិញ តែរហូតដល់ពេលនេះ ក្រុមហ៊ុន បានចុះប្រមូលមេដៃយល់ព្រមប្រមាណ៨៥ភាគរយហើយ នៅសេសសល់តែ១៥ភាគរយប៉ុណ្ណោះមិនទាន់យល់ព្រម។

លោក ចៅ លិញ ឈិញ មេឃុំស្តីទី ឃុំភ្នំតូចបានឲ្យដឹងថា រហូតដល់ពេលនេះ ក្រុមហ៊ុនម៉ៅការកែលំអរផ្សារភ្នំតូចនេះ ក្រុមហ៊ុនបានចុះទៅស្ទាបស្ទង់មតិរបស់អាជីវករ តែមិនទាន់ដឹងថា អាជីវករដែលយល់ព្រម មានប៉ុន្មានភាគរយ និងមិនទាន់យល់ព្រមមានប៉ុន្មានភាគរយនៅឡើយទេ តែការអនុវត្តនគម្រោងទៅបានលុះត្រាតែមានការយល់ព្រមពីភាគីទាំងសងខាង៕

អត្ថបទ៖ ប៉ោប៉ែត

Share.