វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសកាលពីថ្ងៃពុធ ថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមលុបចោលទិដ្ឋាការរបស់និស្សិតចិន រួមទាំងអ្នកដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន ឬកំពុងសិក្សាក្នុងជំនាញសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។

ប្រសិនបើអនុវត្តការលុបចោលទិដ្ឋាការរបស់និស្សិតសាកលវិទ្យាល័យចិនរាប់រយពាន់នាក់នៅសហរដ្ឋអាមេរិក មែននោះ វាអាចរំខានដល់ប្រភពចំណូលដ៏សំខាន់សម្រាប់សាកលវិទ្យាល័យនៅអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Rubio បាននិយាយថា «ក្រសួងការបរទេសក៏នឹងកែសម្រួលលក្ខណៈវិនិច្ឆ័យទិដ្ឋាការផងដែរ ដើម្បីបង្កើនការត្រួតពិនិត្យលើការស្នើសុំទិដ្ឋាការនាពេលអនាគតទាំងអស់ពីប្រទេសចិន និងហុងកុង»។
លោកបាននិយាយថា «ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើការជាមួយនាយកដ្ឋានសន្តិសុខមាតុភូមិ ដើម្បីលុបចោលទិដ្ឋាការសម្រាប់និស្សិតចិន»។

ទាក់ទិននឹងបញ្ហានេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំការអត្ថាធិប្បាយទេ។ កន្លងមក ក្រសួងការបរទេសចិន បានប្ដេជ្ញាថានឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់និស្សិតបរទេសរបស់ខ្លួននៅបរទេស បន្ទាប់ពីរដ្ឋបាលលោក ត្រាំ លុបចោលលទ្ធភាពនៃការចុះឈ្មោះសិក្សារបស់និស្សិតបរទេសនៅសាកលវិទ្យាល័យ Harvard ដែលភាគច្រើនជានិស្សិតជនជាតិចិន។

គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វែងរកការបង្កើនការនិរទេស និងការដកហូតទិដ្ឋាការសិស្ស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញរបៀបវារៈអន្តោប្រវេសន៍របស់ខ្លួន។

យោងតាមក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា និស្សិតអន្តរជាតិ ដូចជា ឥណ្ឌា និងចិន ចំនួន៥៤% បានរួមចំណែកផ្ដល់ចំណូលជាង ៥០ពាន់លានដុល្លារដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៣៕

ប្រភព៖ Reuters

Share.