ទូកទេសចរណ៍មួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា នេះ នៅជិតសណ្ឋាគារ Anantara Riverside លើផ្លូវ Charoen Nakhon ខណ្ឌ Thonburi ទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។

អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៥:៣០នាទីព្រឹកនេះ នៅពេលទូកទេសចរណ៍មួយនេះបានចូលចតនៅជិតសណ្ឋាគារខាងលើ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរស្នាក់នៅសណ្ឋាគារក្បែរនោះ។

ក្រុមជួយសង្គ្រោះបន្ទាន់មកពីស្ថានីយ៍ពន្លត់អគ្គីភ័យ Talat Phlu និងអង្គភាពសង្គ្រោះពិសេសនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយទីក្រុងបាងកក ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីកុំឱ្យបន្ដឆេះរាលដាល។



យ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីការខូចខាត ឬរបួសនោះទេ ហើយមូលហេតុនៃអគ្គីភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ បច្ចុប្បន្ន អាជ្ញាធរបានណែនាំឱ្យអ្នកធ្វើដំណើរនៅតំបន់ជុំវិញបន្តការប្រុងប្រយ័ត្ន៕

