លោក Elon Musk បាននិយាយថា លោកកំពុងចាកចេញពីរដ្ឋបាលលោក ត្រាំ បន្ទាប់ពីបានបញ្ចប់កិច្ចខិតខំប្រឹងប្រែងដ៏ចម្រូងចម្រាស ដើម្បីបង្រួមទំហំចំណាយរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកកាលពីយប់ថ្ងៃពុធ សប្ដាហ៍នេះ បុរសមានជាងគេបំផុតរបស់ពិភពលោករូបនេះ «បានថ្លែងអំណរគុណដល់ លោក ត្រាំ សម្រាប់ឱកាសក្នុងការជួយគ្រប់គ្រងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដែលត្រូវបានគេស្គាល់ថា «DOGE»។

តួនាទីជាបុគ្គលិកពិសេសបណ្ដោះអាសន្នរបស់រដ្ឋាភិបាល របស់ Elon Musk បានមកដល់ទីបញ្ចប់ ហើយការចាកចេញរបស់លោក អេឡុង ម៉ាស់ក៍ កើតឡើងមួយថ្ងៃបន្ទាប់ពីលោកបាននិយាយថា លោក «ខកចិត្ត» ជាមួយច្បាប់ថវិការបស់លោក ដូណាល់ ត្រាំ ដែលស្នើផ្តល់ការលើកលែងពន្ធដ៏ច្រើនរាប់ទ្រីលានដុល្លារ និងបង្កើនការចំណាយលើការពារជាតិ។

នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla បាននិយាយក្នុងបទសម្ភាសន៍ជាមួយ CBS ដែលជាដៃគូរបស់ BBC នៅសហរដ្ឋអាមេរិក ថា ច្បាប់ថវិកា ដែលលោក ត្រាំ ហៅថា «ច្បាប់ដ៏ធំ និងស្រស់ស្អាត» នឹងបង្កើនឱនភាពថវិកាសហព័ន្ធ។ លោក Musk ក៏បានលើកឡើងថា ច្បាប់នេះ «ធ្វើឱ្យប៉ះពាល់ដល់ការងារ» របស់នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (Doge)។

លោកបាននិយាយថា៖ «ខ្ញុំគិតថា ច្បាប់អាចធំ ឬស្រស់ស្អាតបាន ប៉ុន្តែខ្ញុំមិនប្រាកដថាវាអាចទៅរួចទាំងពីរព្រមគ្នានោះទេ»។

លោក Musk បានចូលរួមជាមួយរដ្ឋបាលលោក ត្រាំ ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆតាសន្សំប្រាក់ ២ទ្រីលានដុល្លារ តែលោកត្រូវបានបង្ខំឱ្យកាត់បន្ថយគោលដៅនោះមកត្រឹមតែ ១៥០ពាន់លានដុល្លារប៉ុណ្ណោះ។ លោកបានតស៊ូក្នុងបរិយាកាសនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងទាំងនៅក្នុងរដ្ឋបាល និងពីសមាជិកសភា ហើយតែងតែប៉ះទង្គិចជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក។

សូមជម្រាបថា លោក ដូណាល់ ត្រាំ បានតែងតាំងស្ថាបនិកក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla និង SpaceX រូបនេះឱ្យធ្វើជាបុគ្គលិករដ្ឋាភិបាលពិសេស​ ក្នុងនាយកដ្ឋាន​ DOGE ដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក រយៈពេល ១៣០ថ្ងៃជារៀងរាល់ឆ្នាំ។ គិតចាប់ពីការស្បថចូលកាន់តំណែងរបស់លោក ត្រាំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ ពេលវេលារបស់លោក Musk នឹងត្រូវបញ្ចប់ថ្ងៃទី៣០ ខែឧសភា នេះ៕

ប្រភព៖ BBC

Share.