
បន្ទាប់ពីជួបចរចាគ្នារយៈពេលប្រមាណ ៤៥ នាទី នារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ភាគីកម្ពុជា រក្សាជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ដោយមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ។ នេះបើយោតាមសេចក្ដីថ្លែងការណ៍របស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ប្រមាណជា ៣៥ ម៉ោងក្រោយ គឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:៣០នាទីរសៀល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ផៈណា គ្លែវប្លុតធុក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចាគ្នានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់។
ជាលទ្ធផលនៃកិច្ចចរចា ភាគីកម្ពុជា និងថៃបានព្រមព្រៀងគ្នាលើ៤ចំណុច៖
ទី១ – ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
ទី២ – ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
ទី៣ – ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
និងទី៤ – ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ។
កិច្ចចរចាត្រូវបានបញ្ចប់នៅវេលាម៉ោង១៦:១៥នាទី នាថ្ងៃដដែល។
សូមជម្រាបថា ការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងទៅ បង្កឡើងដោយកងទ័ពថៃ ដែលបានលបបាញ់ប្រហារមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕


