ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បានក្លាយជាម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២៥។

ក្រោយ​បញ្ចប់​ពេញ​ ១រដូវ​កាល​ឆ្នាំ២០២៤-២៥ មកដឹង​ពីសមទ្ធិផលរបស់កីឡាករវ័យចំណាស់ទាំង ៧នាក់នៅ CPL រដូវកាលនេះ៖

  • កាំង​ សេន របស់​ អាយអេសអាយ ដង្កោសែនជ័យ មានវ័យ ៤១ឆ្នាំ បង្ហាញខ្លួនបាន ២០៨នាទី រក​បាន ១គ្រាប់ កាតលឿង១សន្លឹក

លោក កាំង សេន ជា​ប្រធាន​ក្លិប​បាល់ទាត់ ISI ដង្កោសែនជ័យ លោក​កើត​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៨៤ ដោយ​​ក៏​បន្ត​ចុះ​ឈ្មោះ​ជា​កីឡាករ​ទៀត​នៅ​រដូវកាល​ថ្មី ពោល​គឺ​បន្ត​ពាក់អាវ​លេខ​៩ តួរនាទី​ជា​ខ្សែ​ប្រយុទ្ធ​ដដែល។ លោក​​បាន​ចុះ​ឈ្មោះ​ជា​កីឡាករ​តាំង​ពី​ក្លិប​លោក​ចូលលេង​ក្នុង​ពានរង្វាន់​លីគ​ទី២ រហូត​ដល់​មាន​ឈ្មោះ​ជា​សមាជិក​លីគ​កំពូល​ក្នុង​ឆ្នាំ​ទី២​នេះ​ផង​ដែរ។

  • គួច សុកុម្ភះ របស់​ណាហ្គាវើលដ៍ មាន​វ័យ ៣៨ឆ្នាំ បង្ហាញ​ខ្លួន​បាន ១៣៣២នាទី ទទួលបានកាតលឿង១សន្លឹក

កីឡាករ គួច សុកុម្ភៈ ម្ចាស់​អាវ​លេខ​១០ នៅ​​ក្លិប​ណាហ្គាវើលដ៍ កើត​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៨៧។ រូប​គេ​ជា​ប្រធាន​ក្រុម​ និង​ជា​កីឡាករ​ឆ្នើម​មួយ​រូប​នេះ​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​មាន​វ័យ​ច្រើន​ក្ដី ខណៈ​កីឡាករ​​អាយុ​ប្អូនៗ​មួយ​ចំនួន បាន​ប្រកាស​ព្យួរ​ស្បែកជើង​បណ្តើរៗ​ហើយ។ កីឡាករ​មក​ពី​ខេត្ត​កំពង់ធំ រូប​នេះ​លេង​ក្នុង​ទម្រង់​ជា​ខ្សែ​បម្រើ ស្រប​ពេល​នេះ​ជា​ឆ្នាំ​ទី១៥ ហើយ​ដែល​រូប​គេ​បន្ត​អាជីព​នៅ​លីគ​កំពូល​កម្ពុជា។ កាល​ពី​រដូវកាល​មុន រូប​គេ​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​នៅ CPL ដែល​មាន​២៣៧៨​នាទី។

  • KOHEI KATO សញ្ជាតិ​ជប៉ុន របស់​គិរីវង់​សុខ​សែនជ័យ មាន​វ័យ ៣៥ឆ្នាំ បង្ហាញ​ខ្លួនបាន ៩០៧នាទី មាន​វ័យ៣៥ឆ្នាំ កាតលឿង៤សន្លឹក Assists បាន ២លើក ឈ្នះ MVP បាន ១លើក (ចូលជើងទី២)

KOHEI KATO សញ្ជាតិ​ជប៉ុន ដែល​បាន​មកចូល​រួម​មជា​មួយ​​គិរីវង់​សុខ​សែនជ័យ នៅលីគកំពូល​កម្ពុជា នា​រដូវ​កាល​ឆ្នាំ២០២៤-២៥នេះ នៅ​ជើង​ទី២។ កីឡាករ​ដែលដុះ​ចេញ​បី​ថ្នាលយុវជន​ក្លិប Sacachispas របស់​អាហ្សង់ទីនរូប​នេះ មាន​បទពិសោធន៍​ជាង ១០​ឆ្នាំនៅ​ក្នុងអាជីព​បាល់ទាត់ ធ្លាប់​ប្រឡូក​ក្នុង​ក្លិប​ជាង ១០​នៅជប៉ុន និង​តំបន់​អ៉ឺរ៉ុប។

  • TACHIBANA YUSUKE សញ្ជាតិ​ជប៉ុន របស់​បឹង​កេត មាន​វ័យ ៣៤ឆ្នាំ បង្ហាញ​ខ្លួនបាន ១១៤០នាទី មានវ័យ ៣៤ឆ្នាំ រក​បាន ៣គ្រាប់ ទទួល​បានកាតលឿង ១សន្លឹក (ចូលជើងទី២)

ខ្សែ​បម្រើ​ជនជាតិ​ជប៉ុន TACHIBANA YUSUKE បាន​មក​ប្រកប​អាជីព​នៅ​ប្រទេស​កម្ពុជា ឆ្នាំ​ទី២ហើយ ម្ចាស់​អាវ​លេខ​២២ រូប​នេះ​កើត​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩០។ ទោះជា​បាន​ចូលរួម​ក្នុង​ CPL ជើង​ទី២​ក្ដី ប៉ុន្តែ​រូប​គេ​បង្ហាញ​ខ្លួន​លើ​ទី​លាន​បាន​ ១១៤០នាទី​ផង​ដែរ។

  • គួច ដានី របស់​ព្រះខ័ន​រាជស្វាយរៀង មាន​វ័យ ៣៤ឆ្នាំ បង្ហាញ​ខ្លួនបាន ១៣២៧នាទី កាតលឿង ១សន្លឹក Assist បាន ១លើក ឈ្នះ MVP បាន​ ១លើក

គួច ដានី ជា​ខ្សែ​បម្រើ​ឆ្នើម​មួយ​រូប ដោយ​បច្ចុប្បន្ន​រូប​គេ​រួមរស់​ជាមួយ​ក្លិប​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ព្រះខ័នរាជស្វាយរៀង ខណៈ​គេ​កើត​នៅ​ខែ​តុលា ឆ្នាំ​១៩៩០។ ដានី ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ជា​កេរ្តិ៍​ដំណែល​របស់​ព្រឹទ្ធាចារ្យ ប៉ែន ផាត ដែល​ដឹកនាំ​ក្រុម​​កូន​ខ្មែរ​នៅ​អឺរ៉ុប មក​ប្រកួត​មិត្តភាព​នៅ​​រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​២០១២ ពោល​គឺ​ជាមួយ ធារី ចន្ថាប៊ីន ស្រប​ពេល​ដែល កុក បូរីស និង ប៉ែន ស្ថេហ្វេន បាន​បាត់​មុខ​ពី​ពិភពបាល់ទាត់​ទៅ​ហើយ។

  • ឡេង មករា របស់​ណាហ្គាវើលដ៍ មាន ៣៤ឆ្នាំ បង្ហាញ​ខ្លួន​បាន ១២៦នាទី ទទួល​បាន​កាត​លឿង ១សន្លឹក

ខ្សែ​បម្រើ​ស្លាប ឡេង មករា កើត​នៅ​ខែ វិច្ឆិកា ឆ្នាំ​១៩៩០ ដោយ​រូប​គេ​ប្រកប​អាជីព​លើស​១០​ឆ្នាំ​ហើយ នៅ​លីគ​កំពូល​កម្ពុជា តែ​ធ្លាប់​ជា​សមាជិក​ក្លិប​តែ​២ប៉ុណ្ណោះ ពោល​គឺ​ចូលរួម​ជាមួយ​ភ្នំពេញក្រោន ពី​ឆ្នាំ​២០១២ ដល់​២០១៦ ខណៈ​ឆ្នាំ​២០១៧ ដល់​បច្ចុប្បន្ន រូប​គេ​ចូលរួម​ក្នុង​ក្រុម​ណាហ្គាវើលដ៍។ ​ម្ចាស់​អាវ​លេខ​២៥​រូប​នេះ ធ្លាប់​មាន​កំណត់ត្រា​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ២​សម័យកាល​ផង គ្រា​ជា​សមាជិក​របស់​ភ្នំពេញក្រោន។

  • សាន ឧសភា របស់​ណាហ្គាវើលដ៍ មាន​វ័យ ៣៤ឆ្នាំ បង្ហាញ​ខ្លួន​បាន ២២៤នាទី

អ្នកចាំទី សាន ឧសភា កើត​នៅ​ខែ​មីនា ឆ្នាំ​១៩៩១ ដោយ​បច្ចុប្បន្ន​ជា​ម្ចាស់​អាវ​លេខ​២២​នៅ​ក្លិប​ណាហ្គាវើលដ៍។ កីឡាករ​រូប​នេះ​​បាន​ចូលរួម​ជាមួយ​ណាហ្គាវើលដ៍ តាំង​ពី​ឆ្នាំ​២០១៨ ម៉្លេះ ក្រោយ​ចាកចេញ​ពី​ក្លិប​វេស្ទើន​ភ្នំពេញ នៅ​គ្រា​នោះ។ យ៉ាងណាក្ដី​រូប​គេ​នៅ​តែ​តួរ​សំខាន់​ក្នុង​ក្រុម​បើ​ទោះ​ជា​​​​កាល​​ស្ថិត​ក្នុង​ដំណាក់កាល​យុគ្គមាស​របស់​អ្នក​ចាំទី ស៊ូ យ៉ាទី ក៏​ដោយ​ក្ដី៕

Share.