យន្ដហោះយោធារបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលហោះល្បាតដែនសមុទ្រមួយគ្រឿងបានធ្លាក់នៅក្បែរមូលដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង Pohang ភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

យោងតាមសេចក្ដីថ្លែងការណ៍ កងទ័ពជើងទឹកបាននិយាយថា យន្ដហោះខាងលើបានដឹកមនុស្សចំនួន ៤នាក់ ហើយបានធ្លាក់នៅវេលាម៉ោង ១:៤៣នាទីរសៀល (ម៉ោងក្នុងស្រុក) បន្ទាប់ពីយន្ដហោះនេះបានហោះហើរត្រឹមរយៈពេល ៦នាទីប៉ុណ្ណោះ។ ទាក់ទិននឹងបញ្ហានេះ យោធាកូរ៉េខាងត្បូងកំពុងស្វែងរកមូលហេតុ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយថា យន្ដហោះខាងលើបានធ្លាក់នៅតំបន់ភ្នំភាគខាងត្បូង ហើយគេឃើញមានផ្សែងហុយឡើងលើ។

សូមជម្រាបថា ប្រទេសកូរ៉េខាងត្បូង បានទទួលរងនូវគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតកាលខែធ្នូ នៅពេលដែលយន្តហោះ Boeing 737-800 របស់ Jeju Air បានធ្លាក់ និងផ្ទុះឆេះ៕

ប្រភព៖ CNA

Share.