ក្រុម​បាល់ទះ Jakarta Bhayangkara Presisi របស់​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ទៅ​ចូល​រួម​​ប្រកួតព្រឹត្តិការណ៍​ពិភព​​លោក 2025 World Police & Fire Games ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុម​ Birmingham ទឹក​ដី​នៃ​សហរដ្ឋអាមេរិក។

ក្រុម​បាល់ទះ Jakarta Bhayangkara Presisi របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក នៃ​ការ​ប្រកួត​លីគបាល់ទះ​Proliga របស់​ប្រទេសឥណ្ឌូនេស៊ី បន្ទាប់​ពី​យក​ឈ្នះ ក្រុម​បាល់ទះ ​Jakarta LavAni Allo Bank Electric នៅវគ្គផ្តាច់ព្រ័ត្រ ៣-២ (១៩-២៥, ២៣-២៥, ២៥-២២, ២៥-២២, ១៥-៩) ដែល​ជាការ​សង​សឹក​បាន​សម្រេច​ ដោយ​កាល​ពី​រដូវ​កាល​មុន ​ក្រុម​នេះបាន​របូត​ពាន​ក្រោម​ថ្វីដៃរបស់ Jakarta LavAni។

ព្រឹត្តិការណ៍​ពិភព​​លោក World Police & Fire Games បង្កើត​ឡើង​ដំបូង​នៅឆ្នាំ១៩៨៥ ធ្វើឡើង​រៀងរាល់ ២ឆ្នាំម្ដង ស្របពេល​ឆ្នាំ២០២៥​នេះ នឹង​ធ្វើ​ឡើងនៅ​ទឹក​ដី​សហរដ្ឋអាមេរិក គឺ​ជា​លើក​ទី២១ ដែល​បាន​រៀប​ចំឡើង ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី២៧ ខែមិថុនា និង​បញ្ចប់​នៅ​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុង​ការប្រកួតព្រឹត្តិការណ៍​ពិភព​​លោក World Police & Fire Games ឆ្នាំ២០២៣ នៅនាទីក្រុង Winnipeg ​ប្រទេស​កាណាដា ក្រុម​បាល់ទះគរបាលជាតិកម្ពុជា ទទួល​បាន​មេដាយ​មាស ក្រោយ​យក​ឈ្នះ​លើក្រុមបាល់ទះប្រេស៊ីល CBMDF ក្នុងលទ្ធផល ៣សិតទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមកីឡានគរបាលជាតិកម្ពុជា ធ្លាប់បានចូលរួមប្រកួតព្រឹត្តិការណ៍​ពិភព​​លោក World Police & Fire Games បានចំនួន ៤លើកហើយ ដោយកាលពីឆ្នាំ២០១៩ ធ្វើឡើងនៅប្រទេសចិន កន្លងទៅ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៤៦គ្រឿង ក្នុងនោះ មាសចំនួន ១៨គ្រឿង ប្រាក់ចំនួន ១៧គ្រឿង និងសំរិទ្ធចំនួន ១១គ្រឿង។

រីឯឆ្នាំ២០២២ កន្លងទៅ ដែលប្រទេសហូឡង់ ទទួលរៀបចំធ្វើចាម្ចាស់ផ្ទះ សម្រាប់ក្រុមនគបាលកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៣៣គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ១៥គ្រឿង ប្រាក់ចំនួន ៨គ្រឿង និងសំរិទ្ធចំនួន ១០គ្រឿង។

ខណ:ឆ្នាំ២០២៣ នៅក្នុងក្រុងវីនីផេក ប្រទេសកាណាដា ក្រុមនគបាលកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៦២គ្រឿង ក្នុងនោះ មាសចំនួន ២៨គ្រឿង ប្រាក់ចំនួន ២៦គ្រឿង និងសំរិទ្ធចំនួន ៨គ្រឿង ក្នុង​ចំណោមកីឡាករប៉ូលីស មកពី ៧០ ប្រទេស ជុំវិញពិភពលោក៕

Share.