លោកបណ្ឌិតទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា នៅពីក្រោយបទល្មើសល្បែងអនឡាញខុសច្បាប់ ការជួញដូរមនុស្ស និងការប្រព្រឹត្តឧក្រិដ្ឋកម្មនានា។
ការចេញមកបដិសេធរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនេះធ្វើឡើងនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើឆបោកតាម អនឡាញនិងអំពើជួញដូរមនុស្សរៀបចំដោយក្រុម អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នេះ នាទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ ឯកឧត្តមសន្តិបណ្ឌិតសុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធាន គណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដែលមកពីបណ្តាអង្គភាពនានាជាច្រើនថា ប្រទេសកម្ពុជាគឺជាជនរងគ្រោះដោយសារអំពើឆបោកតាមអនឡាញ ហើយថា កម្ពុជាបាននិងកំពុងរងនូវភាពអយុត្តិធម៌ពីការចោទប្រកាន់របស់បណ្តាញផ្សព្វផ្សាយបរទេសនិងបណ្តាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាទទួលឥទ្ធិពលពីប្រទេសដទៃ ព្រោះថាមានពលរដ្ឋកម្ពុជាតិចតួចប៉ុណ្ណោះដែលបានយល់ដឹងអំពីការ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រព្រឹត្តិអំពើឆបោកតាមអនឡាញ។
ឯកឧត្តមបានបញ្ចាក់ថា រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការបាននិងកំពុងតែផ្តោតការយកចិត្តទុកដាក់បង្ការនិងទប់ស្កាត់អំពើឆបោកតាមអនឡាញ ព្រោះថា អំពើឆបោកតាមអនឡាញនេះធ្វើឲ្យខូចទាំងសណ្តាប់ធ្នាប់និងកេរ្តិឈ្មោះរបស់ប្រទេស។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនាពេលកន្លងមក កម្ពុជាពុំទាន់ទទួលបាននូវការវាយតម្លៃសមស្របទៅតាមស្ថានការណ៍ពិតនៅឡើយ ខណៈអ្នកមជ្ឈដ្ឋានខ្លះនៅបន្តចោទថា រាជរដ្ឋាភិបាលបណ្តែតបណ្តោយទុកឲ្យបញ្ហានោះកើតឡើង។
លោកជំទាវបានចោទជាសំណួរថា តើមានរដ្ឋាភិបាលណាដែលចង់រក្សាបទល្មើសដើម្បីអភិវឌ្ឍប្រទេស?
សូមបញ្ជាក់ជូនថា នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃកិច្ចខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស។
សន្និសីទសារព័ត៌មាននេះមានវាគ្មិនអញ្ជើញជាគណៈអធិបតីចំនួន ០៥រូប ក្នុងនោះមាន៖ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ), ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ៕



