យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ នៅក្នុងហេតុការណ៍បាក់រលំផ្ទាំងថ្មនៅឯទីតាំងជីកយកថ្មកំបោរមួយកន្លែង នៅលើកោះ Java ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Star នាថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥។

យោងតាមអភិបាលខេត្ត West Java លោក Dedi Mulyadi ដែលបាននិយាយថា ក្រុមហ៊ុនដែលមើលការខុសត្រូវតំបន់ជីកយកថ្មនេះ កំពុងដំណើរការដោយស្របច្បាប់ ប៉ុន្តែស្តង់ដារសុវត្ថិភាពគឺខ្វះខាត។ ក្រោយកើតហេតុ លោក បានបញ្ជាឱ្យបិទអាជីវកម្មរនៅទីទាំងកើតហេតុនេះផងដែរ។


ការបាក់រលំថ្មនេះបានកើតឡើង វេលាម៉ោង ៩:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្នុងទីក្រុង Cirebon នៃខេត្ត West Java ជាទីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីសកម្មភាពគ្រឿងចក្រកំពុងជីកគាស់ថ្ម ហើយបុគ្គលិកជួយសង្រ្គោះបានរំសព មនុស្សនៅក្នុងថង់ដាក់សពលើកឡើងដាក់លើរថយន្តពេទ្យ។

បើតាមប្រធានទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Deni Nurcahya បានប្រាប់ AFP ថា «រហូតមកដល់ពេលនេះ មនុស្ស ១៣នាក់ត្រូវបានគេរកឃើញថាបានស្លាប់។ មនុស្សប្រហែល ៥ ទៅ ៦នាក់ទៀតអាចស្ថិតនៅក្រោមគំនរថ្ម ហើយតួលេខអ្នកស្លាប់ និងរបួសអាចមានការកើនឡើង។


ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយរូបនេះ បានបន្ដថា ក្រុមអ្នកជួយសង្រ្គោះបានសម្រេចចិត្តបញ្ឈប់ការជម្លៀសចេញ ហើយបន្តប្រតិបត្តិការស្វែងរកអ្នកជាប់នៅពីក្រោមគំនរថ្មបាក់រលំឡើងវិញនៅព្រឹកថ្ងៃសៅរ៍ ដោយសារភ័យតែខ្លាចដួលរលំផ្ទាំងថ្មបន្ដទៀត៕

