អាជ្ញាធរ​កម្ពុជា នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ​បាន​អះអាង​ថា ស្ថានការណ៍​នៅ​តាម​ច្រក​ព្រំដែន​នា​ពេល​បច្ចុប្បន្ន​មាន​សភាព​ប្រក្រតី ប្រជាជន​ចេញចូល​បាន​តាម​ធម្មតា និង​មាន​ទំនាក់ទំនង​ល្អ​។ ចំពោះ​ដំណឹង​ដែល​អាជ្ញាធរ​ថៃ​រៀបចំ​បិទ និង​រឹត​បន្តឹង​ច្រក​ព្រំដែន គឺ​ពុំ​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ​។

ដោយ​ឡែក កងទ័ព​កម្ពុជា​-​ថៃ នៅ​តាម​បណ្ដោយ​ព្រំដែន ក៏​បាន​បញ្ជាក់​ថា ពុំ​មាន​ភាព​តាន​តឹង​ដាក់គ្នា​នោះ​ដែរ​។ ជាក់ស្ដែង​កង​ពល​តូច​ថ្មើរ​ជើង លេខ​៤២ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​ខ្លួន បង្ហាញ​ឱ្យ​ឃើញ​ថា កងទ័ព​ទាំង​សងខាង (​កម្ពុជា ថៃ​) ដែល​កំពុង​ប្រចាំការ នៅ​លើ​ប្រាសាទ​តា​មន្ត​ធំ​មាន​ទំនាក់ទំនង​គ្នា​ល្អ ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​បាន​ព្រំដែន​សន្តិភាព ភាតរភាព​រវាង​ប្រទេស​ទាំង​ពីរ​។

ការ​អះអាង​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​កងទ័ព​ជួ​មុខ​នេះ ធ្វើ​ឡើង​អំឡុង​ពេល កាសែត​ថៃ​ខាវសុទ្ធ នាថ្ងៃទី ៣១ ឧសភា​នេះ បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ថៃ​ត្រៀម​រៀបចំ​ប្រកាស​បិទ​ច្រក​ព្រំដែនអន្តរជាតិ​ចំនួន​៦ និង​ប៉ុស្តិ៍ត្រួតពិនិត្របណ្ដោះអាសន្នចំនួន ​១០ ​។ កាសែត​ថៃ​មួយ​នេះ​បន្ត​ថា ការ​ធ្វើ​បែបនេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ចលនា​ជាតិ​និយម ធ្វើ​ពហិការ​មិន​ប្រើ​ផលិតផល​ថៃ​។

កាសែត​នេះ​បាន​លើកឡើង​ដោយ​សំអាង​លើ​ប្រភព​ពី​ភ្នាក់ងារ​សន្តិសុខ​ថៃ​ថា ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ប្រជាជន​ខ្លួន ដែល​ឆ្លង​ចេញចូល​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​ជា​មួយ​កម្ពុជា អាជ្ញាធរ​ថៃ​បាន​កោះ​ប្រជុំ​ដើម្បី​រៀបចំ​ប្រកាស​បិទ​ច្រក​ព្រំដែន​អន្តរជាតិកម្ពុជា​-​ថៃ ចំនួន​៦ និងប៉ុស្តិ៍ត្រួតពិនិត្យ ១០ ​។

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ កាសែត​ថៃ​ដដែល បាន​ស្រង់​ការ​បញ្ជាក់​ពី​ឧត្ដមសេនីយ៍​ទោ វីនថៃ ស៊ុវ៉ារី ថា​ការ​ប្រកាស​បិទ​ព្រំដែន​រវាង​ប្រទេស និង​ប្រទេស ធ្វើ​ឡើង​តែ​ក្នុង​លក្ខខណ្ឌ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ដូច​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ធ្ងន់​ជា​ដើម​។ ហើយ​ព័ត៌មាន​ពី​ការ​បិទ​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​ វា​គ្រាន់​តែ​ជា​ផែនការ​ទូទៅ​ដែល​ត្រូវ​អនុវត្ត​នៅ​ពេល​ចាំបាច់​ប៉ុណ្ណោះ​។ មេ​ទាហាន​ថៃ​បញ្ជាក់​ថា​ស្ថានភាព​ពេល​នេះ គឺ​ល្អ​ប្រសើរ មិន​មាន​លក្ខខណ្ឌ​ណា​មួយ​ដែល​ត្រូវ​បិទ​ច្រក​ព្រំដែន​នោះ​ទេ​។

យ៉ាងណា​ក៏ដោយ​ការ​ចុះ​ផ្សាយ រហ័ស​ហួសហេតុ បាន​ធ្វើ​ឲ្យ​កើត​មាន​ពាក្យ​ចចាមអារ៉ាម និង​ការ​ភាន់​ច្រឡំ​ដល់​ប្រជាជន​ប្រទេស​ទាំង​មួយ​រយៈពេល ទម្រាំ​តែ​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.