កងទ័ពថៃ បានច្រានចោលរបាយការណ៍ដែលថា ប្រទេសថៃ កំពុងរៀបចំបិទព្រំដែនរវាងកម្ពុជា-ថៃ ចំនួន១៦ទីតាំង ដោយនិយាយថា ផែនការនេះត្រូវបានអនុម័តលុះត្រាតែមានហានិភ័យសន្ដិសុខធ្ងន់ធ្ងរកើនឡើង ជាពិសេសពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយអាវុធធុនធ្ងន់ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ Winthai Suvaree កំពុងឆ្លើយតបចំពោះការចេញផ្សាយរបស់ព័ត៌មានសារព័ត៌មានស្រុក ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ នេះ ពាក់ព័ន្ធនឹងការបិទច្រកព្រំដែនរវាងថៃ -កម្ពុជា ចំពេលមានភាពតានតឹងរវាងប្រទេសទាំង២ នៅតំបន់មុំបី។

លោកឧត្ដមសេនីយ៍ បានបន្ដថា «ឥឡូវនេះ យើងមិនទាន់ទទួលបានរបាយការណ៍ណាមួយអំពីការបិទច្រកព្រំដេននៅឡើយទេ»។
បច្ចុប្បន្នស្ថានភាពព្រំដែននៃប្រទេសទាំង២ នៅតែមានស្ថិរភាពធម្មតា និងមានទំនាក់ទំនងល្អ ទាំងអាជ្ញាធរថៃ និងកម្ពុជា នៅតែបន្ដប្រើប្រាស់យន្ដការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់មួយចំនួនអាចមានបញ្ហាខ្លះ ប៉ុន្ដែពួកគេមិនមានការព្រួយបារម្ភនោះទេ។

ជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Houngsub បាននិយាយកាលពីថ្ងៃសៅរ៍ ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិងកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់តាមរយៈការធ្វើបច្ចុប្បន្នភាពជាប្រចាំពីភ្នាក់ងារសន្តិសុខជាតិ និងអាជ្ញាធរពាក់ព័ន្ធ។ លោក ថ្លែងថា «នាយករដ្ឋមន្រ្តីបានធានាថា គ្មានការចេញបញ្ជាឱ្យបិទច្រកព្រំដែនកម្ពុជា-ថៃ ទេ»៕

