ហ្សាកាតា៖ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Basarnas បាននិយាយថា អាជ្ញាធរឥណ្ឌូណេស៊ីនឹងបន្តស្វែងរកមនុស្ស ៨នាក់ ដែលនៅជាប់ក្រោមគំនរផ្ទាំងថ្ម នៅថ្ងៃអាទិត្យ (១ មិថុនា) នេះទៀត ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧ នាក់ និងរបួស ៦ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ ថា ចំនួនអ្នកស្លាប់ ដូចដែលបានរាយការណ៍ដោយក្រុមគ្រួសារជនរងគ្រោះ គឺបណ្តោះអាសន្នប៉ុណ្ណោះ។

បើតាមក្រសួងថាមពល និងធនធានរ៉ែ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នឹងស៊ើបអង្កេតរកមូលហេតុនៃការបាក់រលំនេះ រួមទាំងធ្វើការវាយតម្លៃហានិភ័យដែលអាចកើតមានការបាក់ដីបន្ថែមទៀត។

សូមជម្រាបថា កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ មានហេតុការណ៍បាក់រលំផ្ទាំងថ្មនៅឯទីតាំងជីកយកថ្មកំបោរមួយកន្លែង នៅទីក្រុង Cirebon នៃខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី៕
ចុចអាន៖ បាក់រលំផ្ទាំងថ្មនៅឥណ្ឌូណេស៊ី សង្កត់មនុស្សស្លា.ប់ ១៣នាក់

