ព្រឹត្តិការណ៍​ប្រកួត​កីលាបាល់​ទាត់​ពាន​រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បាន​ប្រារព្ធពិធីបើកជាផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃទី៣១ ឧសភា ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ ២០២៥ មាន​ការអញ្ជើញជាអធិបតី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ SOCCER LEAGUE ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិSOCCER LEAGUE ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។ កម្មវិធីនេះក៏មានការហែក្បួនព្យុហយាត្រា ការសម្តែងសិល្បៈ ចម្រៀងពីសំណាក់សិល្បៈករ សិល្បៈការិនីផងដែរ។

ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ ជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនេះ។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ផងដែលថាSOCCER LEAGUE បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុសស្មារតីសាមគ្គីភាព ជាពិសេសក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើងពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និងនិន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់យុវជនមកពីគ្រប់ទិសទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការបញ្ចេញសម្ថភាពដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង»។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ដោយឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះមានគោលបំណងបង្កើនឱកាសថ្មីៗឱ្យយុវជនដែលមកពីអង្គភាព-ស្ថាប័នផ្សេងៗគ្នា ដើម្បីចូលរួម បង្កើត និងបង្កើនទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព ក្នុងបរិយាកាសស្និទ្ធស្នាល រួមគ្នាជាចំណែកដើម្បីអភិវឌ្ឍប្រទេសជាតិ។

ជាកិច្ចបញ្ចប់ ឯកឧត្តមបានសំណូមពរឱ្យក្រុមកីឡាករទាំងអស់ចូលរួមប្រកួតប្រជែងក្រោមស្មារតីសាមគ្គីភាព មិត្តភាព និងប្រកាន់ខ្ជាប់ក្រមសីលធម៌កីឡា។ ឯកឧត្តមក៏ជូនពរឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។


ការប្រកួតបាល់ទាត់ Soccer League មានក្រុមចូលរួមប្រកួតសរុបចំនួន ៦៣ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៥៦ក្រុម បែង​ចែក​ជា១៦ពូល ដោយ ពូល A ដល់​ពូល ​H មានចំនួន ៤ក្រុម ខណៈពូល I ដល់ពូល P មានចំនួន ៣ក្រុម ។ និងក្រុមនារីមានចំនួន ៧ក្រុម ចែកចេញជា ២ពូល ក្នុងនោះមាន A មាន​ ៤ក្រុម និង​ពូល B មាន ៣ក្រុម។

ពាន​រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ (ផ្នែកបុរស)

ពាន​រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ (ផ្នែកនារី)

សម្រាប់រដូវកាលនេះ ព្រឹត្តិការណ៍ Soccer League បានពង្រីកការចូលរួម ដោយបន្ថែមនូវវិញ្ញាសាបាល់ទាត់នារីជាលើកទី៣ ក្នុងគោលបំណងលើកជំរុញចិត្ត និងលើកកម្ពស់សមត្ថភាពកីឡាការិនី ក្នុងការចូលរួមសកម្មភាពកីឡា។

ប្រវត្តិនៃការប្រកួតកីឡាបាល់ទាត់​ពាន់​រង្វាន់ Soccer League៖

  • លើកទី១ ឆ្នាំ២០១២ មាន២០ក្រុមចូលរួម ជ័យលាផីជើងឯក បាន​លើកក្រុម សមាគមយុវជន ក១២
  • លើកទី២ ឆ្នាំ២០១៣ មាន​៤០ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ស.ស.យ.ក ព្រៃវែង
  • លើកទី៣ ឆ្នាំ២០១៥ មាន​៤៧ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ណាចក្របៃតង
  • លើកទី៤ ឆ្នាំ២០១៦ មាន​៦០ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ពោធិ៍សែនជ័យ
  • លើកទី៥ ឆ្នាំ២០១៩ មាន​៧២ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម យុវជនសូភីណា
  • លើកទី៦៖ឆ្នាំ២០២៣ មាន ៧៤ក្រុមចូល​រួម (ស្រី ១០ក្រុម) ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​. ខេត្តកណ្ដាល (បុរស) ​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី (នារី)
  • លើកទី៧៖ ឆ្នាំ ២០២៤ មាន ៦១ក្រុមចូល​រួម (ស្រី ១៣ក្រុម) ជ័យលាភីជើងឯក បានទៅលើកក្រុម Khmer United FC (បុរស) ក្លិបបាល់ទាត់ភ្នំពេញក្រោន (នារី)៕

Share.