ប៉ូលីសសហរដ្ឋអាមេរិក បាននិយាយថា មនុស្ស ៦នាក់បានរងរបួស ក្នុងការវាយប្រហារភេរវកម្មលើក្បួនដង្ហែគាំទ្រអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី១ ខែមិថុនា ក្នុងទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥។

ប៉ូលីសបន្ដថា ជនបង្កមានវ័យ ៤៥ឆ្នាំ មុនកើតហេតុបានស្រែងថា «ដោះលែងប៉ាឡេស្ទីន» រួចបានគប់គ្រាប់បែកសាំងចូលទៅក្នុងហ្វូងមនុស្សដែលប្រមូលផ្ដុំគ្នាដើម្បីធ្វើបាតុកម្មទាមទារដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា បណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់។

បើតាមភ្នាក់ងារពិសេសរបស់ FBI បាននិយាយថា មានជនរងគ្រោះចំនួន ៦នាក់មានអាយុចន្លោះពី ៦៧ឆ្នាំ ទៅ ៨៨ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ FBI ចាត់ទុកការវាយប្រហារនេះថាជា អំពើភេរវកម្ម ហើយក៏ចាប់ខ្លួននបុរសម្នាក់នោះ រួមទាំងបើកការស៊ើបអង្កេតផងដែរ។ យ៉ាងណាក្តី ភ្លាមៗ FBI មិនទាន់រកឃើញឡើយថា តើហេតុអ្វីបានជាបុរសម្នាក់នេះ បើកការវាយប្រហារដូច្នេះ។


ឧបទ្ទវហេតុនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិក ជុំវិញសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលបានជំរុញឱ្យមានការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងសាសនា ក៏ដូចជាការផ្លាស់ប្តូរដោយអ្នកគាំទ្រអភិរក្សនិយមរបស់អ៊ីស្រាអែល ដែលដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដាក់ផ្លាកការតវ៉ាគាំទ្រប៉ាឡេស្ទីនថាជា ការប្រឆាំងនឹងសាសនា៕

