នៅកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីបញ្ហាព្រំដែនផ្ទាល់មាត់ថា កម្ពុជា ប្រកាសជំហប្ដឹងនិងរៀបចំឯកសារប្តឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីរកដំណោះស្រាយជុំវិញសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។

ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីបង្កើនប្រសិទ្ធដោះស្រាយបញ្ហារស៊ើបនៅតំបន់ព្រំដែននេះ រាជរដ្ឋាភិបាលសម្រេចឱ្យគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជា៖ រៀបចំការប្រជុំជាបន្ទាន់ជាមួយនឹងភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន បន្តការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែនរវាងប្រទេសយើងទាំងពីរ។ ប្រគល់ភារៈកិច្ចឱ្យគណៈកម្មការព្រំដែនចម្រុះ ដើម្បីដាក់ចូលទៅក្នុងរបៀបវិរៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ ៣ នេះ ដើម្បីយកទៅតុលាការអន្តរជាតិ ICJ ក្នុងការពន្លត់បញ្ហានេះ ចៀសជាងអង្គុយបក់ផ្សែង។

កម្ពុជាសង្ឃឹមថា ភាគីថៃនឹងឯកភាពជាមួយកម្ពុជា ដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិ នៅក្នុងស្មារតីសុចរិតភាព និងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ចៀសពីបញ្ហានេះ កុំឱ្យអាចក្លាយទៅជាបញ្ហាដែលប្រឈមនឹងប្រើប្រាស់ប្រដាប់អាវុធសារជាថ្មី។ ដោយសារភាពមិនច្បាស់លាស់ពីករណីព្រំដែនក៏ដូច MOU ឆ្នាំ ២០០០ ។ សម្ដេចមហាបវរធិបតីបន្តបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹងទៅ ICJ នូវបញ្ហានេះដើម្បីបញ្ចប់បញ្ហា និងពន្លត់បញ្ហាតែម្ដង ក្នុងការបំផុសរុញច្រាណដោយក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងប្រឈមគ្នា អីចឹងកិច្ចការងារនេះជាការសម្រេចចិត្តរបស់រាជរដ្ឋភិបាល ។

បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេសនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏ប៉ុន្តែកម្ពុជារក្សាសិទ្ធក្នុងការការពារបូណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ នេះគឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល៕

Share.