កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលកីឡាករ Breninho ត្រៀមសម្រាប់ប្រកួតប្រជែងលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦។

កីឡាករ Breninho មានឈ្មោះពេញថា Breno Caetano de Souza កើតនៅទីក្រុង Rio Pomba ប្រទេសប្រេស៊ីល ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៧ បច្ចុប្បន្នមានអាយុ ២៨ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ លេងតំណែងជាខ្សែប្រយុទ្ធស្លាបឆ្វេងផង ការពារស្លាបឆ្វេងផង។

រូបគេគឺជាថ្នាលយុវជនរបស់ក្លិបបាល់ទាត់ Centro Atlético Fénix តាំងពីឆ្នាំ ២០១៥ មុនដំឡើងទៅឈុតធំនៅឆ្នាំ ២០១៧ លីគលំដាប់ទី២ នៅប្រទេសអ៊ុយរូហ្គាយ លុះដល់ឆ្នាំ ២០២០ Breninho ត្រូវបានក្លិប Sociedade Imperatriz de Desportos នាំចូល មុនបន្តទៅកាន់ក្លិប Guarany Sporting Club លីគលំដាប់ទី៣ នៅប្រេស៊ីល ក៏ដូចជាក្លិប Clube Atlético Metropolitano លីគលំដាប់ទី២ នៅប្រេស៊ីល។

នៅឆ្នាំ ២០២៥ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននាំ Breninho មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមពានរង្វាន់ AFC Challenge League រដូវកាល ២០២៤-២៥ ដោយបង្ហាញខ្លួនសរុប ៥ប្រកួត សរុប ៤៨០នាទី ស៊ុតបញ្ចូលទី១គ្រាប់ និង Assists ១លើក ទទួលបានជើងឯករង ក្រោយចាញ់ FK Arkadag ក្នុងលទ្ធផល ២-១៕



Share.