កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន ពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

រថយន្តទាំងនេះ ជាអំណោយពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងចំណោមរថយន្តចំនួន ៣គ្រឿង៖ ២គ្រឿងត្រូវបានប្រគល់ជូនប៉ុស្តិ៍នគរបាលកោះរការ និងកោះសំរោង នៃស្រុកកំពង់សៀម និង១គ្រឿងទៀត ប្រគល់ជូនប៉ុស្តិ៍នគរបាលកោះសូទិន នៃស្រុកកោះសូទិន។

លោក វរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ខេត្តកំពង់ចាមមានរថយន្តពន្លត់អគ្គិភ័យសរុប១៧គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគបាលខេត្ត មាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង និងនៅតាមបណ្តាក្រុងស្រុកទាំង៧ទៀត មានរថយន្តពន្លត់អគ្គិភ័យ០១គ្រឿងៗដូចគ្នា ដោយឡែកថ្ងៃនេះ ខេត្តក៏បានទទួលអំណោយរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងបន្ថែមទៀតផងដែរ៕

ការប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងបន្ថែមទៀតនេះ ក្នុងគោលបំណងជួយបង្កើនសមត្ថភាពក្នុងការឆ្លើយតបនឹងគ្រោះអគ្គិភ័យ និងសង្គ្រោះបន្ទាន់ ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖​អាចារ្យលាក់

Share.