កងការពារព្រំដែន ៥០៤ បានអនុវត្តវិធានការបន្ថែមក្នុងការល្បាត និងត្រួតពិនិត្យយ៉ាងតឹងរឹង ដោយមានការសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការជំរុញសុវត្ថិភាព និងទប់ស្កាត់សកម្មភាពល្មើសគ្រប់ប្រភេទ។

នៅខេត្តបាត់តំបង ព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក យ៉យ សុីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី ៥ បានបន្តចាត់តាំងកម្លាំងកងឯកភាពចំណុះ ដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ ឱ្យបានយ៉ាងតឹងរឹង និង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនីមួយៗ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់រាល់សកម្មភាព បទល្មើសឆ្លងដែនខុសច្បាប់។ ជាលទ្ធផលសភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែនគ្មានអ្វីប្រែប្រួល។

យ៉ាណាមិញ នៅព្រឹកថ្ងៃដដែលនេះ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ព្រមទាំងលោក លោកស្រី មេបញ្ជាការរង លោកនាយសេនាធិការរង នាយ នាយរងការិយាល័យ ផ្នែក បានសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាមិត្តរួមអាវុធ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ១.៧១០.០០០រៀល ជូនដល់ ព្រិន្ទបាលឯក លឹម គឹមឃួន ជំនួយការ អប់រំចិត្តសាស្ត្រ ការិយាល័យទី៥ ដែលមានជំងឺកំពុងសម្រាកព្យាលនៅគេហដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ ព្រិន្ទបាលឯក លឹម គឹមឃួន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ដែលចំណាយថវិកាផ្ទាល់ខ្លួនជួយឧបត្ថម្ភដល់រូបលោកផងដែរ៕



