ឯកឧត្តមអភិសន្តិសបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពទឹកដី។

ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះបានធ្វើឡើងតាមរយៈសារគាំទ្រដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនិងតេឡេក្រាមផ្លូវការរបស់ឯកឧត្តមនៅល្ងាចថ្ងៃចន្ទនេះ។

ឯកឧត្តមបានបញ្ជាក់ដែរថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឯកឧត្តមសគាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះប្រមុខក្រសួងមហាផ្ទៃបានបង្ហាញជំហរគាំទ្រយ៉ាងឥតងាករេនូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា «បើទោះបីកម្ពុជា ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការឈ្លានពានទឹកដីកម្ពុជា ដោយប្រើប្រាសកម្លាំងកងទ័ព»។ ទន្ទឹមនេះ ឯកឧត្តមបានសម្ដែងការគោរពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងនាមអតីតនាយករដ្ឋមន្រ្តី ដ៏អង់អាចឈ្លាសវៃ បានផ្ដល់អនុសាសន៍ជូនរាជរដ្ឋាភិបាល ត្រៀមទាំងយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ និងនៅតែបន្តនាំបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ទោះបីជាភាគីថៃ ពុំយល់ព្រមក៏ដោយ។ នេះជាចំណាត់ការ និងអនុសាសន៍ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុតរបស់ថ្នាក់ដឹកនាំជាតិខ្មែរ ទាំងខាងនយោបាយ ការទូត និងយោធា ដែលធ្វើឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ និងរស់នៅប្រកបដោយភាពកក់ក្ដៅបំផុត។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឯកឧត្តមបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពទឹកដីរបស់យើង៕

Share.