កំពង់ធំ÷ នៅព្រឹកថ្ងៃទី ២ មិថុនា អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១,៧៧៣បណ្ណ ដល់ប្រជាពលរដ្ឋ ៥៤១គ្រួសារ នៅភូមិនាងល្អ និងភូមិវាលអំពិល ឃុំទ្រៀល ស្រុកតាំងគោក។


ឯកឧត្តមបានថ្លែងថា បណ្ណកម្មសិទ្ធិដីធ្លីទាំងនេះ គឺជាឯកសារដែលមានសុពលភាពតាមច្បាប់ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ដោយអាចទាញយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដូចជាការដាក់បញ្ចាំ ឬអភិវឌ្ឍន៍ដីធ្លី ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ការចុះបញ្ជីទាំងនេះក៏ជាជំហានសំខាន់ក្នុងការពង្រឹងភាពមាននីតិវិធីលើការកាន់កាប់ដី ធ្វើឲ្យមានភាពច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំដី និងការកាត់បន្ថយវិវាទដីធ្លី។






សម្រួលនឹងនេះ ឯកឧត្តមបានអំពាវនាវឲ្យអាជ្ញាធរដែនដីតាមឃុំសង្កាត់ បន្តជំរុញការចុះបញ្ជីដីនៅភូមិដែលនៅមិនទាន់វាស់វែង ហើយជួយដោះស្រាយវិវាទព្រំដី ការដណ្តើមសិទ្ធិ និងបញ្ហាឯកសាររដ្ឋបាលដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬលិខិតអំណោយជាដើម។




ជាបន្ថែម អភិបាលខេត្តក៏បានណែនាំប្រជាពលរដ្ឋឲ្យគោរពច្បាប់សាងសង់ ដោយសុំការអនុញ្ញាតសាងសង់សិន មុននឹងស្ថាបនាអគារ ឬរបងណាមួយ ឲ្យទៀងទាត់នឹងច្បាប់ និងចៀសវាងការបំពានលើដីសាធារណៈ ឬព្រំដីអ្នកជិតខាង។
បច្ចុប្បន្ន ខេត្តកំពង់ធំកំពុងបន្តអនុវត្តផែនការចុះវាស់វែង និងចុះបញ្ជីដីធ្លីទាំងមូលគ្រប់ឃុំ ស្រុក ក្នុងខេត្ត ដោយមានគោលដៅបញ្ចប់ដំណើរការនេះនៅចុងឆ្នាំ ២០២៥ ស្របតាមផែនការរបស់ក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី៕
អត្ថបទ÷កំពង់ធំ
