កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន លោក ប៊ុន ស៊ឺនផាតក្លាង បានចុះទៅសួរសុខទុក្ខ ផ្ដល់គ្រឿងឧបភោគបរិភោគ និងលើកទឹកចិត្តដល់កងពលតូចថ្មើរជើងលេខ ២១ ឈរជើងនៅចំណុចប្រាសាទតាមាន់ធំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។

លោក ផាតក្លាង បានបញ្ជាក់ថា កងទ័ពថៃធ្វើសកម្មភាពត្រឹមត្រូវ និងបានជំរុញឱ្យកងទ័ពមានការប្រុងប្រយ័ត្នខ្ពស់​ ដោយសង្កត់ធ្ងន់ថា មេបញ្ជាការគ្រប់លំដាប់ថ្នាក់ បន្ដគាំទ្រកងកម្លាំង។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ចំពោះការមិនប្រឈមមុខដាក់គ្នា ក្នុងការដោះស្រាយបញ្ហារវាងកងទ័ពថៃ និងកម្ពុជា។

លោក Phumtham បានកត់សម្គាល់ថា ពេលនេះស្ថានការណ៍បានធូរស្រាលហើយ ដោយភាគីទាំងសងខាងបានប្ដេជ្ញាចិត្តជៀសវាងការប្រឈមមុខដាក់គ្នា ដោយកំពុងរង់ចាំកិច្ចពិភាក្សាដោយគណៈកម្មាធិការព្រំដែនរួម (JBC) ដែលបានរៀបចំកិច្ចប្រជុំរួចហើយ។ លោករំពឹងថា កិច្ចពិភាក្សារបស់គណៈកម្មាធិការអាចនឹងធ្វើឡើងក្នុងសប្ដាហ៍ខាងមុខ។ លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​ បាន​ពិភាក្សា​គ្នា​រួច​ហើយ​នៅ​ថ្ងៃ​នេះ ដោយ​មាន​ប្រធាន​កង​កម្លាំង​ការពារ​ជាតិ​គ្រោង​នឹង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា។ ការសម្របសម្រួលជាមួយក្រសួងការបរទេស កងទ័ពភូមិន្ទថៃ និងកងយោធពលខេមរភូមិន្ទនៅតែបន្ត។

រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា «មិនមានហេតុផលណាមួយគួរឱ្យព្រួយបារម្ភទេ។ ថៃនៅតែប្ដេជ្ញាចិត្តចំពោះគោលការណ៍មិនប្រឈមមុខដាក់គ្នា ដោយខិតខំរកដំណោះស្រាយដោយសន្ដិវិធីក្នុងស្មារតីនៃទំនាក់ទំនងអ្នកជិតខាងគ្នា»។

សូមជម្រាបថា ភាព​តានតឹង​រវាង​ប្រទេស​ទាំង២ បាន​កើន​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​ថៃ និង​ទាហាន​កម្ពុជា នៅ​ជិត​តំបន់ Chong Bok ខេត្ត Ubon Ratchathani កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់៕

ប្រភព៖ The Nation Thailand

Share.