តាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នាពេលថ្មីៗនេះបានឱ្យដឹងថា នៅប្រទេសឥណ្ឌូណេស៊ីកើតមានហេតុការណ៍ដ៏រន្ធត់និងសោកសៅមួយ ខណៈដែលស្ត្រីមានផ្ទៃពោះម្នាក់ត្រូវត្របាក់ឱ្យក្ស័យជីវិត អំឡុងពេលនាងកំពុងតែម្អិនម្ហូបអាហារ និងជាពេលដែលទឹកជំនន់បានវាយប្រហារប្រទេសឥណ្ឌូនេស៊ី។

ជនរងគ្រោះឈ្មោះ Munirah មានអាយុ ២៨ ឆ្នាំ និងកំពុងមានផ្ទៃពោះបាន ៥ខែ ដែលផ្ទះរបស់នាងស្នាក់នៅសព្វថ្ងៃក្បែរនឹងដងទន្លេ ផ្ទបាយរបស់ផ្ទះនាងគឺជាប់នឹងផ្ទៃទឹកទន្លេ។ តាមAKPបានឱ្យដឹងថា មេប៉ូលីសក្នុងតំបន់បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បន្ទាប់ពីត្រូវសត្វក្រពើត្រាបាក់យកជីវិត និងអូសចេញពីផ្ទះបាយដែលនៅជាប់នឹងផ្ទៃទឹកទន្លេ ហើយគ្មានរណាម្នាក់អាចជួយសង្គ្រោះនាងបានឡើយ សូម្បីតែនាងខ្លួនឯង។
លោក Hassanuddin (ហាស់សានូឌីន) ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃទីភ្នាក់ងារមូលដ្ឋានបានឱ្យដឹងថា ទឹកជំនន់បានវាយឡុកប្រទេសឥណ្ឌូណេស៊ីក៏ដោយសារជំនន់ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ បណ្ដាលឱ្យទន្លេ Mambulu មាននីវ៉ូទឹកខ្ពស់ផុតច្រាំង និងមានដីបាក់ ហើយផ្ទះប្រជាជននៅតំបន់នោះ រងការខូចខាតជាច្រើន ជាពិសេសក៏មានសព្វកំណាចដូចជា សត្វក្រពើបានឡើងមកតាមទន្លេផងដែរ។

យ៉ាងណាមិញ អាជ្ញាធរឥណ្ឌូណេស៊ីបានចេញអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នបន្ថែម ជាពិសេសអ្នករស់នៅតំបន់ជិតទន្លេដែលងាយការគំរាមដោយទឹកជំនន់ និងសត្វកំណាច។ ប្រទេសឥណ្ឌូណេស៊ីគឺជាទីជម្រកសំខាន់នៃក្រពើចំនួន ១៤ ប្រភេទ រួមទាំងក្រពើទឹកប្រៃដែលមានទំហំធំ និងមានសារៈសំខាន់ក្នុងបរិស្ថានតំបន់ឧទ្យាន និងសត្វព្រៃ។ គួររំលឹកថា របាយការណ៍ក្នុងឆ្នាំ ២០១៤ ប្រទេសឥណ្ឌូណេស៊ីជាប្រទេសកត់ត្រាករណីសត្វក្រពើវាយប្រហារចំនួន ១៧៩ ដង ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៩២ នាក់ គឺច្រើនជាងគេបំផុតនៅលើពិភពលោក៕

