ជាតិ៖ ប្រធានមន្ទីរធម្មការនិងសាសនា កោះហៅគ្រូបារមីស្នងរូប៧ភាសា យូអ៊ឺមីង អប់រំជាលើកទី២ បន្ទាប់ពីមិនរាងចាលនៅតែហ៊ានបំពានលើសកម្មភាពទស្សន៍ទាយ ប្រោះព្រំ។


តាមក្រសួងធម្មការនិងសាសនានៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហកាជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញលោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប៧ភាសា យូអ៊ីមីង មានអាសយដ្ឋាននៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មកធ្វើកិច្ចសន្យាណែនាំឱ្យបញ្ឈប់ និងលុបវីដេអូ រូបថតសកម្មភាពពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ លើករាសី ជាដើម តាមប្រព័ន្ធបណ្ដាញសង្គម ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គមនិងសាសនាទាំងចាស់ទាំងថ្មីចេញទាំងអស់។
នៅក្នុងកិច្ចសន្យាជាលាយលក្ខអក្សរ លោកគ្រូ ៧ភាសា បានរៀបរាប់ថា ខ្លួនយល់ព្រមលុបវីដេអូ និងរូបថតសកម្មភាពដែលប៉ះពាល់ដល់ប្រពៃណី និងទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថសង្គមនៅលើប្រព័ន្ធបណ្ដាញសង្គមទាំងអស់។ ក្នុងនោះ លោកគ្រូ ៧ភាសា បានសន្យាថា នឹងលែងមានសកម្មភាពបង្ហោះ ឬផ្សព្វផ្សាយពីសកម្មភាពទាំងអស់របស់ខ្លួននៅលើបណ្ដាញសង្គមនានា។ បើបានដាក់បន្ទុកចំពោះអ្នកយកទៅចែកចាយបង្ហោះផ្សព្វផ្សាយបន្តពីខ្លួននោះ ខ្លួននឹងមិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។
សូមរំលឹកថា គ្រូបារមីលោកតាបារមីឥសីសំរិទ្ធខាងលើធ្លាប់បានចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការនិងសាសនា ដើម្បីបញ្ឈប់ការបង្ហោះវីដេអូសម្ដែងបារមីរបស់ខ្លួននៅលើហ្វេសប៊ុកម្ដងរួមមកហើយកាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។ ប៉ុន្តែគ្រូបារមីស្នងរូប៧ភាសារូបនេះហាក់មិនញញើតចំពោះចំណាត់ការរបស់ប្រធានមន្ទីរធម្មការនិងសាសនានោះឡើយ ទើបហ៊ានបំពានជាលើកទី ២ បែបនេះ។
យ៉ាងណាមិញ ជាមួយករណីនេះដែរ ក្រសួងធម្មការនិងសាសនាក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ៕

