អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ៣៤នាក់បានស្លាប់នៅក្នុងតំបន់ភាគឦសាននៃប្រទេសឥណ្ឌា បន្ទាប់ពីទឹកជំនន់ដ៏ខ្លាំងក្លាបានបណ្តាលឱ្យមានការរអិលបាក់ដីក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ខណៈនាយកដ្ឋានអាកាសធាតុបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា អ្នកទេសចរជាង១ពាន់នាក់ ដែលជាប់គាំងនៅក្នុងតំបន់ ហាយម៉ាឡាយ៉ាន (Himalayan) នៃរដ្ឋ ស៊ិគគីម (Sikkim) កំពុងត្រូវបានជម្លៀសចេញកាលពីថ្ងៃចន្ទ នេះ ហើយក្រុមជួយសង្គ្រោះរបស់កងទ័ព ត្រូវបានបញ្ជូនទៅរដ្ឋ ម៉ិកហាឡាយ៉ា (Meghalaya) ដើម្បីជួយសង្រ្គោះមនុស្សជាង ៥០០នាក់ ដែលជាប់គាំងក្នុងតំបន់ទឹកជន់លិច។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរបានព្រមានពីការបាក់ដី និងទឹកជំនន់ភ្លាមៗ ដោយជំរុញឱ្យពលរដ្ឋនៅតំបន់ងាយរងគ្រោះ ត្រូវមានការប្រុងប្រយ័ត្ន។

ដោយឡែកនៅប្រទេសបង់ក្លាដែសជាប្រទេសជិតខាង ក៏កំពុងរងគ្រោះដោយការបាក់ដីដែរ ដោយមានសមាជិកគ្រួសារ ៤នាក់នៅស្រុក ស៊ីហ៊ីត (Sylhet) ភាគឦសាន បានបាត់បង់ជីវិតក្នុងគ្រោះមហន្ដរាយធម្មជាតិនេះ។
សូមជម្រាបថា ភាគឦសាននៃប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ៕

