ពោធិ៍សាត់៖ អាជ្ញាធរខេត្តពោធិ៍សាត់កំពុងលើកកម្ពស់សកម្មភាពដាំកូនឈើស្ដារឡើងវិញព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ដើម្បីថែរក្សាបរិស្ថាន និងជួយបង្កើនជម្រកសត្វព្រៃ ដែលពេលថ្មីៗនេះ អាជ្ញាធរបានដាំដើមឈើប្រភេទសណ្ដាន់ និងចារ ចំនួន៨០០ដើមនៅក្នុងឃុំរាំងទិល ស្រុកកណ្ដៀង។




អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា បានលើកឡើងថា ព្រៃលិចទឹកគឺជាធនធានធម្មជាតិដ៏មានតម្លៃ ដែលជាជម្រកសត្វស្លាប សត្វល្មូន និងសត្វជាច្រើនប្រភេទផ្សេងទៀត។ លោកបញ្ជាក់ថា ការដាំឈើគួរតែផ្ដោតលើប្រសិទ្ធភាព និងការថែទាំបន្ត ដើម្បីឲ្យឈើរស់ និងអភិវឌ្ឍជាស្ថាពរ មិនមែនដាំសម្រាប់លម្អតែតែមើល។








ដំណើរការដាំដើមឈើនេះ ទទួលបានការគាំទ្រពីប្រតិភូរាជរដ្ឋាភិបាល និងអគ្គនាយកអគ្គិសនីកម្ពុជា លោកប្រាំង ជលសា ដែលបានផ្តល់ជំនួយទាំងផ្នែកសម្ភារៈ និងថវិកា ដើម្បីអភិវឌ្ឍសកម្មភាពនេះឲ្យកាន់តែទូលំទូលាយ ដោយមានការចូលរួមពីអាជ្ញាធរ មន្ត្រីរាជការ អ្នកសិក្សា និងប្រជាពលរដ្ឋ ដែរសកម្មភាពនេះគឺពិតមានអត្ថន័យណាស់ក្នុងការជួយលើកស្ទួយការយល់ដឹងអំពីសារៈសំខាន់នៃធនធានធម្មជាតិ និងការអភិរក្សបរិស្ថានសម្រាប់ជំនាន់ក្រោយ៕
អត្ថបទ÷ពោធិ៍សាត់

