ពោធិ៍សាត់ ÷ កងកម្លាំងប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តពោធិ៍សាត់ បង្ហាញជំហរមាំមួនក្នុងការការពារបូរណភាពទឹកដីជាតិ ដោយប្រកាន់យកនយោបាយប្រុងប្រយ័ត្នខ្ពស់ ទោះស្ថានភាពព្រំដែនបច្ចុប្បន្នស្ងប់ស្ងាត់ក៏ដោយ ក៏ពួកគាត់បន្តប្រតិបត្តិការចេញល្បាតត្រួតពិនិត្យបង្គោល និងសញ្ញាសម្គាល់ព្រំដែនជាប្រចាំ ដើម្បីទប់ស្កាត់សកម្មភាពប៉ុនប៉ងឈ្លានពានរបស់ភាគីថៃ ដែលអាចកើតមានឡើងទោះក្នុងរូបភាពណាក៏ដោយ។

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បាននាំក្រុមការងារចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងថវិកាជួយកងកម្លាំងនៅតំបន់ព្រំដែនក្នុងស្រុកវាលវែង។ ការចុះសួរសុខទុកនេះមិនត្រឹមតែជាការលើកទឹកចិត្តទេ ប៉ុន្តែបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយឲ្យកងកម្លាំងបន្តបំពេញភារកិច្ចដើម្បីជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាសណ្ដាប់ធ្នាប់ស្ងៀមស្ងាត់ជាមួយនឹងការជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាពជាតិដោយប្រកាន់ភ្ជាប់នូវគោលជំហរព្យាយាមប្រើប្រាស់នៅគ្រប់មធ្យោបាយឱ្យអស់លទ្ធភាព មិនរុញច្រានសភាពការណ៍ឱ្យធ្លាក់ក្នុងសង្គ្រាមឬជម្លោះប្រដាប់អាវុធ ទៅតាមការញុះញង់ពីក្រុមពួកជ្រុលនិយមខ្មែរ ថៃមួយក្តាប់តូចដែលតែងតែរកគ្រប់មធ្យោបាយដើម្បីបញ្ឆេះឲ្យកើតអំពើហិង្សារើសអើងជាតិសាសន៍។ ទន្ទឹមគ្នានោះយើងក៏ត្រូវការពារឱ្យបានដាច់ខាតបូរណភាពទឹកដីតាមរយៈវិធានការច្បាប់ដែលទទួលស្គាល់ជាអន្តរជាតិមានន័យថាយើងនៅតែទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់៕

អត្ថបទ÷ពោធិ៍សាត់

Share.