ជាតិ៖ ព្រឹត្តិការណ៍ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Pollution» បានក្លាយជាប្រធានបទសំខាន់ក្នុងការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥ ។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះត្រូវបានក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ សហការគ្នានឹងប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន(គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។

សូមជម្រាប ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឱ្យកាន់តែផុសផុលឡើង៕

Share.