បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរថា លើកយកបញ្ហាព្រំដែនជាមួយប្រទេសថៃនៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេរួចមក ភាគីថៃ បានបញ្ជាក់ជំហររបស់ខ្លួដែរ គឺប្រទេសមួយនេះចង់ដោះស្រាយដោយប្រើយន្តការចរចាទ្វេភាគី។
ខាងក្រោមនេះគឺជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ភាគីថៃនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ៖
រដ្ឋាភិបាលថៃសូមបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើងនេះ រដ្ឋាភិបាលបានដឹងពីសារៈសំខាន់បំផុតក្នុងការការពារអធិបតេយ្យភាព និងការពារបូរណភាពទឹកដីរបស់ប្រទេសថៃឱ្យបានពេញលេញ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះតាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌។

ចំណុចចាប់ផ្តើមនៃស្ថានការណ៍នេះបានកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ ក្នុងខណៈពេលដែលកងកម្លាំងថៃកំពុងល្បាតជាធម្មតានៅក្នុងទឹកដីថៃ ដែលស្របតាមការការអនុវត្តជាប្រចាំរហូតមក។ យ៉ាងណាមិញបានកើតហេតុការណ៍ប៉ះទង្គិចគ្នានៅអំឡុងពេលខ្លីៗ រវាងកងទ័ពថៃ និងកម្ពុជា នៅបរិវេណមុំ ៣ ខេត្តឧប៊ុនរ៉ាត់ថានី ដូច្នោះហេតុការណ៍ប៉ះទង្គិចគ្នាដូចពោល បានធ្វើឱ្យកងកម្លាំងរបស់ប្រទេសថៃចាំបាច់ត្រូវការពារខ្លួន និងការពារផែនដីអធិបតេយ្យភាពថៃ ដែលជាប្រតិបត្តិការណ៍តាមផ្លូវច្បាប់របស់ប្រទេសនីមួយៗ។
ក្រោយពីកើតហេតុរដ្ឋាភិបាលទាំងទ្វេរភាគីបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត រួមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានពិភាក្សាគ្នាដោយក្តីបារម្ភអំពីស្ថានការណ៍។ ជាលទ្ធផលនៃកិច្ចពិភាក្សា រដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាថា នឹងសហការគ្នាដើម្បីឱ្យស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ និងមិនល្មើសដែនអធិបតេយ្យភាព ហើយបានយល់ព្រមប្រើប្រាស់យន្តការទ្វេភាគីផ្សេងៗដើម្បីដោះស្រាយបញ្ហា ដែលមួយក្នុងចំនោមនោះគឺយន្តការ JBC ដូចមានប្រសាសន៍របស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ភាគីទាំងពីរបានពិភាក្សាគ្នានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។
ទាក់ទិននឹងសំណួរអំពីជំហររបស់កម្ពុជា ដែលអាចមានបំណងចង់ប្រើយន្តការតុលាការ ឬភាគីទីបីមកពិចារណាលើបញ្ហានេះ សូមបញ្ជាក់ថា ប្រទេសថៃ ក្នុងនាមជាប្រទេសជិតខាងរបស់កម្ពុជាប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដូចជា MOU ឆ្នាំ ២០០០ និងភស្តុតាងផ្សេងៗ រួមទាំងរូបភាពផ្កាយរណប ហើយប្រទេសថៃក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ដូចជា៖
– JBC (កិច្ចប្រជុំគណៈកម្មការព្រំដែនរួម) ដែលជាយន្តការបច្ចេកទេសដែលបង្កើតឡើងដោយ MOU ឆ្នាំ ២០០០ ដើម្បីពិភាក្សាអំពីការស្ទង់មតិ និងការបោះបង្គោលព្រំដែនទ្វេភាគី ដែលពេលនេះកម្ពុជាយល់ព្រមតាមសំណើរបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំ (ក្នុងសម័យកាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅកម្ពុជា។
– GBC (គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ) ដែលជាយន្តការកម្រិតក្រសួងការពារជាតិ និង RBC (គណៈកម្មការព្រំដែនតំបន់) ដែលជាយន្តការកម្រិតកងទ័ពក្នុងតំបន់ ទាំង GBC និង RBC មានតួនាទីសំខាន់ក្នុងការថែរក្សាសន្តិភាព និងសណ្តាប់ធ្នាប់នៅតាមព្រំដែន។ លើសពីនេះ រដ្ឋាភិបាលទាំងពីរបានយល់ព្រមផ្តល់អាទិភាពក្នុងការទំនាក់ទំនងជាមួយសាធារណជន ដើម្បីការពារការភាន់ច្រឡំរវាងប្រជាជននៃប្រទេសទាំងពីរ។រដ្ឋាភិបាលថៃសូមបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃបច្ចុប្បន្នមានសន្តិភាព និងសណ្ដាប់ធ្នាប់ជាធម្មតាទូទៅ។
រដ្ឋាភិបាលថៃសូមធានាជូនប្រជាពលរដ្ឋថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់បានចាត់វិធានការយ៉ាងពេញលេញតាមនីតិវិធីដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ និងរក្សាសិទ្ធិស្របច្បាប់របស់ប្រទេសថៃយ៉ាងពេញលេញ និងប្រកបដោយទំនុកចិត្តថា ថៃ និងកម្ពុជានឹងអាចដោះស្រាយបញ្ហាជាមួយគ្នាដោយឈរលើមូលដ្ឋាននៃការក្លាយជាអ្ន កជិតខាងល្អ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែនរួមទាំងសម្ព័នភាពជាគ្រួសារសមាជិកអាស៊ានដូចគ្នាផងដែរ៕

